ព្រះត្រៃបិដក ភាគ ៦៤

មួយទៀត​ បុគ្គល​ដល់​នូវ​ទីបំផុត​នៃ​វេទ​ទាំងឡាយ​ ឈ្មោះថា​ វេទគូ​បុគ្គល។ បុគ្គល​ដល់​នូវ​ទីបំផុត​ដោយ​វេទ​ទាំងឡាយ​ ឈ្មោះថា​ វេទគូ​បុគ្គល។ បុគ្គល​ដែល​ឈ្មោះថា​ វេទគូ​ ព្រោះ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងឡាយ​ ៧ ប្រការ​ គឺជា​អ្នកដឹង​ច្បាស់​សក្កា​យទិដ្ឋិ​ ១ ដឹង​ច្បាស់​វិចិកិច្ឆា​ ១ ដឹង​ច្បាស់​សីលព្វត​បរា​មា​សៈ​ ១ ដឹង​ច្បាស់​រាគៈ​ ១ ដឹង​ច្បាស់​ទោសៈ​ ១ ដឹង​ច្បាស់​មោហៈ​ ១ ដឹង​ច្បាស់​មា​នះ​ ១។ អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ប្រ​កប​ដោយ​សេចក្តី​សៅហ្មង​ព្រម​ ជា​ធម៌​ញុំាង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ជា​ធម៌​មាន​សេចក្តី​ទុក្ខ​ជា​ផល​ ជា​បច្ច័យ​របស់​ជាតិ​ ជរា​ និង​មរណៈ​តទៅទៀត​ វេទគូ​បុគ្គល​ ដឹង​ច្បាស់​ហើយ​ ។
(ព្រះមានព្រះភាគ​ ត្រាស់​ថា​ ម្នាល​សភិយៈ​) បុគ្គល​ណា​ពិចារណា​ហើយ​ នូវ​វេទ​ទាំងអស់​របស់​ពួក​សមណព្រាហ្មណ៍ ជា​អ្ន​កបា្រស​ចាក​តម្រេក​ ក្នុង​វេទ​ទាំងពួង​ កន្លង​នូវ​វេទ​ទាំងពួង​ បុគ្គល​នោះ​ ឈ្មោះថា​ វេទគូ​បុគ្គល។

 ពាក្យ​ថា​ ត្រាស់​ដឹង​នូវ​ធម៌​ គឺ​ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ សង្ខារ​ទាំងពួង​ជា​ទុក្ខ។ ត្រាស់​ដឹង​ ត្រាស់​ដឹង​ចំពោះ​នូវ​ធម៌​ថា​ ធម៌​ទាំងពួង​ជា​អនត្តា។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637349365332316709
ទៅកាន់ទំព័រ៖