ព្រះត្រៃបិដក ភាគ ៦៤
[១៣៥] ពាក្យថា អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង គឺអ្នកឃើញការស្អាត អ្នកឃើញការស្អាតវិសេស អ្នកឃើញការបរិសុទ្ធិ អ្នកឃើញការម៉ត់ចត់ អ្នកឃើញការផូរផង់។ ឬថាអ្នកមានសេចក្តីយល់ស្អាត អ្នកមានសេចក្តីយល់ស្អាតវិសេស អ្នកមានសេចក្តីយល់បរិសុទ្ធិ អ្នកមានសេចក្តីយល់ម៉ត់ចត់ អ្នកមានសេចក្តីយល់ផូរផង់។ ពាក្យថា អ្នកមានដំបូលបើកហើយ សេចក្តីថា ដំបូលគឺតណ្ហា ដំបូលគឺកិលេស ដំបូលគឺអវិជ្ជា។ គ្រឿងប្រក់ទាំងនោះ លោកបើក កំចាត់បង់ បំផ្លាញចោល ដករំលើងចោល លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើត ដុតដោយភ្លើងគឺញាណហើយ។ ពាក្យថា កំពុងប្រព្រឹត្ត គឺកំពុងត្រាច់ទៅ កំពុងត្រាច់ទៅផ្សេងៗ កំពុងសម្រេចឥរិយាបថ កំពុងប្រព្រឹត្ត កំពុងរក្សា កំពុងរស់នៅ កំពុងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញ អ្នកមានដំបូលបើកហើយ កំពុងប្រព្រឹត្តនោះឯង។
[១៣៦] អធិប្បាយពាក្យថា គប្បីកំណត់ដោយកិលេសដូចម្តេច ក្នុងលោកនេះត្រង់ពាក្យថា កំណត់ បានដល់ការកំណត់ មាន ២ គឺការកំណត់ គឺតណ្ហា ១ ការកំណត់ គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់ គឺតណ្ហា។បេ។ នេះ ការកំណត់ គឺទិដ្ឋិ។
ID: 637349367932030938
ទៅកាន់ទំព័រ៖