ព្រះត្រៃបិដក ភាគ ៦៤
[១៣៩] ពាក្យថា មានសេចក្តីបរិសុទ្ធិជាទីបំផុត ក្នុងបទថា ព្រះខីណាស្រពទាំងនោះ មិនពោលថា ទិដ្ឋិមានសេចក្តីបរិសុទ្ធិជាទីបំផុត គឺព្រះខីណាស្រពទាំងឡាយ មិនពោល មិនថ្លែង មិនពណ៌នា មិនសំដែង មិននិយាយ នូវអកិរិយទិដ្ឋិ នូវសស្សតវាទថា មានសេចក្តីបរិសុទ្ធិជាទីបំផុត មានសេចក្តីបរិសុទ្ធិព្រោះសំសារ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះខីណាស្រពទាំងនោះ មិនពោលថា (ទិដ្ឋិ) មានសេចក្តីបរិសុទ្ធិ ជាទីបំផុត។
[១៤០] អធិប្បាយពាក្យថា កាត់គ្រឿងចងស្រែះ គឺសេចក្តីប្រកាន់ ដែលចងស្រែះហើយ ត្រង់ពាក្យថា គ្រឿងចងស្រែះ បានដល់ គ្រឿងចងស្រែះ ៤ គឺអភិជ្ឈាកាយគន្ថៈ
(១) ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ
(២) ១។ តម្រេកក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថា អភិជ្ឈាកាយគន្ថៈ។ ការគំនុំ ការមិនពេញចិត្តក្នុងវាទៈរបស់បុគ្គលដទៃ ឈ្មោះថា ព្យាបាទកាយគន្ថៈ។
(១) កិលេសជាគ្រឿងចងនូវនាមកាយ ជាគ្រឿងបន្ត (នូវនាមកាយ) ក្នុងវដ្ត ដោយអំណាចចុតិ បដិសន្ធិ ហៅថា កាយគន្ថ។ (២) ការចូលចិត្តដែលបដិសេធនូវភាសិតរបស់ព្រះសព្វញ្ញូដោយអាការថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ហៅថា ឥទំសច្ចាភិនិវេសៈ។ អដ្ឋកថា។
ID: 637349369719452053
ទៅកាន់ទំព័រ៖