ព្រះត្រៃបិដក ភាគ ៦៤

ពាក្យ​ថា​ ការ​តាំង​ទុក​អន្តៈ​ទាំងពីរ​ក្នុង​លោក​នេះ និង​លោក​ដទៃ​ ដើម្បី​ភព​តូច​ភព​ធំ​នេះ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ​ បាន​សេចក្តី​ថា​ ការ​តាំង​ទុក​អន្តៈ​ទាំងពីរ​ ក្នុង​លោក​នេះ​ និង​លោក​ដទៃ​ ដើម្បី​ភព​តូច​ភព​ធំ​នេះ​ នៃ​បុគ្គល​ណា​ មិន​មាន​ មិន​មាន​ព្រម​ មិនកើត​មាន​ គឺ​បុគ្គល​ណា​លះបង់​ហើយ​ ផ្តាច់ផ្តិល​ហើយ​ រម្ងាប់​ហើយ​ ស្ងប់​ហើយ​ ធ្វើ​មិន​គួរឲ្យ​កើត​ ដុត​បំផ្លាញ​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​តាំង​ទុក​អន្តៈ​ទាំងពីរ​ ក្នុង​លោក​នេះ​ និង​លោក​ដទៃ​ ដើម្បី​ភព​តូច​ភព​ធំ​នេះ​ នៃ​បុគ្គល​ណា​ មិន​មាន​ទេ។
 [១៧០​] អធិប្បាយ​ពាក្យ​ថា​ ជម្រក​ទាំងឡាយ​ណាមួយ​នៃ​បុគ្គល​នោះ​ មិន​មាន​ ត្រង់​ពាក្យ​ថា​ ជម្រក​ទាំងឡាយ​ បាន​ដល់​ជម្រក​ ២ យ៉ាង​ គឺ​ ជម្រក​គឺ​តណ្ហា​ ១ ជម្រក​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ជម្រក​គឺ​តណ្ហា។បេ។ នេះ​ជម្រក​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ នៃ​បុគ្គល​នោះ​ គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា​ មិន​មាន​ គឺ​មិន​មាន​ មិន​មាន​ព្រម​ មិនកើត​មាន​ គឺ​បុគ្គល​លះបង់​ហើយ​ ផ្តាច់ផ្តិល​ហើយ​ រម្ងាប់​ហើយ​ គ្រប​សង្កត់​ហើយ​ ធ្វើ​មិន​គួរឲ្យ​កើត​ ដុត​បំផ្លាញ​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជម្រក​ទាំងឡាយ​ណា​មួយ​នៃ​បុគ្គល​នោះ​ មិន​មាន​ឡើយ។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637349381932451506
ទៅកាន់ទំព័រ៖