ព្រះត្រៃបិដក ភាគ ៦៤
លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអរហត្តមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ មិនត្រឡប់មកវិញទេ។ ពាក្យថា ជាអ្នកនឹងធឹង បានដល់ព្រះអរហន្ត លោកនឹងធឹងដោយអាការ ៥ យ៉ាងគឺ លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ ១ លោកនឹងធឹង ព្រោះជាអ្នកលះបង់ហើយ ១ លោកនឹងធឹងព្រោះជាអ្នកឆ្លងហើយ ១ លោកនឹងធឹងព្រោះជាអ្នករួចហើយ ១ លោកនឹងធឹង ព្រោះការសំដែងចេញនូវហេតុនោះ ១។
លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ តើដូចម្តេច។ ព្រះអរហន្ត លោកនឹងធឹងក្នុងលាភ នឹងធឹងក្នុងអលាភ នឹងធឹងក្នុងយស នឹងធឹងក្នុងអយស នឹងធឹងក្នុងសេចក្តីសរសើរ នឹងធឹងក្នុងនិន្ទា នឹងធឹងក្នុងសុខ នឹងធឹងក្នុងទុក្ខ។ បើពួកជនលាបដៃម្ខាង ដោយគ្រឿងក្រអូប បើពួកជនច្រាសដៃម្ខាងដោយកាំបិត តម្រេកក្នុងការលាបឯណោះ ក៏មិនមាន សេចក្តីថ្នាំងថ្នាក់ក្នុងការច្រាសឯណោះ ក៏មិនមាន ព្រះអរហន្ត លះបង់ស្រឡះ នូវសេចក្តីត្រេកអរ និងសេចក្តីថ្នាំងថ្នាក់ ប្រព្រឹត្តកន្លងនូវសេចក្តីលើកតំកើង និងសេចក្តីផ្ទញ់ផ្ទាល់ កន្លងផុតនូវសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ហើយ ព្រះអរហន្ត លោកនឹងធឹងក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍យ៉ាងនេះ។
ID: 637349386585871199
ទៅកាន់ទំព័រ៖