ព្រះត្រៃបិដក ភាគ ៦៤
ជរាសុត្តនិទ្ទេស ទី៦
[១៨១] (ព្រះមានព្រះភាគត្រាស់ថា) ជីវិតនេះ តិចណាស់ រមែងស្លាប់ខាងអាយ អំពីមួយរយឆ្នាំ បើបុគ្គលណា រស់នៅកន្លងហួស (ពីមួយរយឆ្នាំ) ទៅ បុគ្គលនោះ គង់ស្លាប់ព្រោះជរាពុំខាន។
[១៨២] អធិប្បាយពាក្យថា ជីវិតនេះតិចណាស់ ត្រង់ពាក្យថា ជីវិតគឺអាយុ ការតាំងនៅ ការរស់នៅ ការញុំាងអត្តភាពឲ្យរស់នៅ ការដើរទៅ ការប្រព្រឹត្តិទៅ ការរក្សា ជីវិត ជីវិតិន្រ្ទិយ។ មួយទៀត ជិវិតតិច ជីវិតស្តួចស្តើង ដោយហេតុពីរ គឺជីវិតតិច ព្រោះជាធម្មជាតតាំងនៅតិច ១ ជីវិតតិច ព្រោះកិច្ចរបស់ខ្លួនតិច ១។
ជីវិតតិច ព្រោះធម្មជាតតាំងនៅតិច តើដូចម្តេច។ សត្វដែលរស់នៅហើយ ក្នុងខណៈចិត្តជាអតីត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន និងមិនរស់នៅក្នុងអនាគតទេ។ សត្វនឹងរស់នៅក្នុងខណៈចិត្តជាអនាគត មិនកំពុងរស់នៅក្នុងបច្ចុប្បន្ន មិនរស់នៅហើយ ក្នុងអតីតទេ។ សត្វកំពុងរស់នៅក្នុងខណៈចិត្តជាបច្ចុប្បន្ន មិនបានរស់នៅហើយក្នុងអតីត និងមិនរស់នៅក្នុងអនាគតទេ។
ជីវិត អត្តភាព សុខ និងទុក្ខទាំងអស់ ប្រកបដោយខណៈចិត្តតែមួយ ព្រោះខណៈ ប្រព្រឹត្តទៅរហ័ស
ID: 637349955199105562
ទៅកាន់ទំព័រ៖