ព្រះត្រៃបិដក ភាគ ៦៤
[១៨៨] អធិប្បាយពាក្យថា ការហួងហែងទាំងឡាយ ពុំមែនជាការទៀងទាត់ទេ ត្រង់ពាក្យថា ការហួងហែង បានដល់ការហួងហែង ២ គឺការហួងហែងគឺតណ្ហា ១ ការហួងហែងគឺទិដ្ឋិ ១។បេ។ នេះការហួងហែងគឺតណ្ហា។បេ។ នេះការហួងហែងគឺទិដ្ឋិ។ ការហួងហែងគឺតណ្ហា ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ (បច្ច័យ) មានការអស់ទៅជាធម្មតា វិនាសទៅជាធម្មតា បា្រសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា។ ការហួងហែងគឺទិដ្ឋិ ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ (បច្ច័យ) មានការអស់ទៅជាធម្មតា វិនាសទៅជាធម្មតា បា្រសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា។ សមដូចពាក្យនេះ ដែលព្រះមានព្រះភាគ ត្រាស់ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់ឃើញការហួងហែង ដែលជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅស្មើដោយសស្សតិវត្ថុ ដូច្នោះដែរឬ។ បពិតព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ យើងខ្ញុំមិនធ្លាប់ឃើញទេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏ពិចារណាមិនឃើញនូវការហួងហែងនុ៎ះ ដែលជាសភាពទៀង មាំមួន ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅស្មើដោយសស្សតិវត្ថុ ដូច្នោះដែរ។
ID: 637349958830985768
ទៅកាន់ទំព័រ៖