ព្រះត្រៃបិដក ភាគ ៦៤

 [២១១​] អធិប្បាយ​ពាក្យ​ថា​ អ្ន​កបា្រ​ជ្ញ​ទាំងឡាយ​ ពោល​អំពើនោះ​ ថា​ជា​សាមគ្គី​របស់​ភិក្ខុ​ ដែល​មិន​បង្ហាញខ្លួន​ក្នុង​ទី​កើត​ ត្រង់​ពាក្យ​ថា​ សាមគ្គី​ បាន​ដល់​សាមគ្គី​ ៣ យ៉ាង​ គឺ​ គណ​សាមគ្គី​ ធម្ម​សាមគ្គី​ អន​ភិ​និ​ព្វ​តិ្ត​សាមគ្គី។
 គណ​សាមគ្គី​ តើ​ដូចម្តេច។ បើ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប ព្រម​ព្រៀង​គ្នា​ មាន​សេចក្តី​ស្មោះសរ​នឹងគ្នា​ មិន​ទាស់ទែងគ្នា​ មាន​សភាព​ហាក់ដូច​ទឹក​ ដែល​លាយ​ដោយ​ទឹកដោះ​ស្រស់​ សំឡឹង​មើល​គ្នានឹងគ្នា​ដោយ​ចក្ខុ​ជាទីស្រឡាញ់​ នេះ​ឈ្មោះថា​ គណ​សាមគ្គី។
 ធម្ម​សាមគ្គី​ តើ​ដូចម្តេច។ សតិ​ប្ប​ដ្ឋាន​ ៤ សម្ម​ប្ប​ធាន​ ៤ ឥទ្ធិបាទ​ ៤ ឥន្រ្ទិយ​ ៥ ពលៈ​ ៥ ពោជ្ឈង្គ​ ៧ មគ្គ​ប្រកបដោយ​អង្គ​ ៨ ដ៏​ប្រសើរ ធម៌​ទាំងនោះ​ រមែង​លឿន​ទៅ​ ថ្លា​ស្អាត​ តាំងនៅ​ល្អ​ រួច​ស្រឡះ​ក្នុង​ទី​ជាមួយគ្នា​ ការ​ជជែក​ ការទាស់ទែង​នៃ​ធម៌​ទាំង​នោះ​ រមែង​មិន​មាន​ នេះ​ឈ្មោះថា​ ធម្ម​សាមគ្គី។
 អន​ភិ​និ​ព្វ​ត្តិ​សាមគ្គី​ តើ​ដូចម្តេច។ បើ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ការ​ខ្វះខាត​ ឬការ​ពេញ​ក្នុង​និព្វាន​ធាតុ​ នៃ​ភិក្ខុ​ទាំងនោះ ក៏​មិន​ប្រាកដ​ នេះ​ឈ្មោះថា អន​ភិ​និ​ព្វ​ត្តិ​សាមគ្គី។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637349968680708467
ទៅកាន់ទំព័រ៖