ព្រះត្រៃបិដក ភាគ ៦៤

[២១២​] មុនិ​មិន​អាស្រ័យ​នៅក្នុង​វត្ថុ​ទាំងពួង​ មិន​ធ្វើ​សេចក្តី​ស្រឡាញ់​ ទាំង​មិន​ធ្វើ​សេចក្តី​ស្អប់​ (ចំពោះ​សត្វ និង​សង្ខារ​) សេចក្តី​ខ្សឹកខ្សួល​ និង​សេចក្តី​កំណាញ់​ មិន​ជាប់​នៅក្នុង​មុនិ​នោះ​ ដូចជា​វារិ​ មិន​ជា​ប់​នៅ​លើ​ស្លឹក​ (ឈូក​)។

 [២១៣​] ពាក្យ​ថា​ មុនិ​ មិន​អាស្រ័យ​នៅក្នុង​វត្ថុ​ទាំងពួង​ អធិប្បាយ​ថា​ វត្ថុ​ទាំងពួង​ លោក​ពោល​សំដៅយក​អាយតនៈ​ ១២​ គឺ​ ភ្នែក​ ១ រូប​ ១ ត្រចៀក​ ១ សំឡេង​ ១ ច្រមុះ​ ១ ក្លិន​ ១ អណ្តាត​ ១ រស​ ១ កាយ​ ១ ផ្សព្វ​ ១ ចិត្ត​ ១ ធម៌​ ១។ ពាក្យ​ថា​ មុនិ​ សេចក្តី​ថា ញាណ​ ហៅថា​មោនៈ​ គឺ​ ប្រាជ្ញា​ ការ​ដឹង​ច្បាស់។បេ។ បុគ្គល​ណា​ កន្លង​បង់​នូវ​បណ្តាញ​គឺ​គ្រឿង​ជាប់​ចំពាក់​ បុគ្គល​នោះ​ ឈ្មោះថា​ មុនិ។ ពាក្យ​ថា​ មិន​អាស្រ័យ​នៅ​ បាន​ដល់​និស្ស័យ​ ២ យ៉ាង​ គឺ​ តណ្ហា​និស្ស័យ​ ១ ទិដ្ឋិ​និស្ស័យ​ ១។បេ។ នេះ​តណ្ហា​និស្ស័យ។បេ។ នេះ​ទិដ្ឋិ​និស្ស័យ។ មុនិ​លះបង់​តណ្ហា​និស្ស័យ រលាស់ចោល​ទិដ្ឋិ​និស្ស័យ​ មិន​អាស្រ័យ​ចក្ខុ​ មិន​អាស្រ័យ​សោតៈ​ មិន​អាស្រ័យ​ឃានៈ មិន​អាស្រ័យ​ជិវ្ហា​ មិន​អាស្រ័យ​កាយ​ មិន​អាស្រ័យ​ចិត្ត​ មិន​អាស្រ័យ​រូប​ សំឡេង​ ក្លិន​ រស​ ផ្សព្វ​ ធម្មារម្មណ៍​ ត្រកូល​ គណៈ​ អាវាស​ លាភ​ យស​ សេចក្តី​សរសើរ សុខ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637349969473155591
ទៅកាន់ទំព័រ៖