ព្រះត្រៃបិដក ភាគ ៦៤
មិច្ឆាសង្កប្បៈ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាសង្កប្បៈ។ មិច្ឆាវាចា លោកកំចាត់បង់ហើយ ដោយសម្មាវាចា។ មិច្ឆាកម្មន្តៈ លោកកំចាត់បង់ហើយ ដោយសម្មាកម្មន្តៈ។ មិច្ឆាអាជីវៈ លោកកំចាត់បង់ហើយដោយសម្មាអាជីវៈ។ មិច្ឆាវាយាមៈ លោកកំចាត់បង់ហើយ ដោយសម្មាវាយាមៈ។ មិច្ឆាសតិ លោកកំចាត់បង់ហើយដោយសម្មាសតិ។ មិច្ឆាសមាធិ លោកកំចាត់បង់ហើយ ដោយសម្មាសមាធិ។ មិច្ឆាញាណៈ លោកកំចាត់បង់ហើយ ដោយសម្មាញាណៈ។ មិច្ឆាវិមុត្តិ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយសម្មាវិមុត្តិ។ មួយទៀត កិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីអន្ទះអន្ទែងទាំងអស់ សេចក្តីក្តៅក្រហាយទាំងអស់ ការតាក់តែងអកុសលទាំងអស់ លោកកំចាត់បង់ហើយ លាងហើយ សំអាតហើយ ជម្រះឲ្យស្អាតហើយ ដោយអរិយមគ្គមានអង្គ ៨ ប្រការ។ ព្រះអរហន្តចូលទៅ ចូលទៅព្រម ចូលទៅជិត ផ្តេកផ្តិត កើត កើតឡើងជាមួយ ប្រកបដោយធោនេយ្យធម៌ទាំងនេះ ព្រោះហេតុនោះ ព្រះអរហន្តឈ្មោះថា អ្នកមានប្រាជ្ញាកំចាត់។ ព្រះអរហន្តនោះ កំចាត់បង់រាគៈ កំចាត់បង់បាប កំចាត់បង់កិលេស កំចាត់បង់សេចក្តីអន្ទះអន្ទែង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមានប្រាជ្ញាកំចាត់។
ID: 637349972820467389
ទៅកាន់ទំព័រ៖