ព្រះត្រៃបិដក ភាគ ៦៤

 [២៣៦​] ពាក្យ​ថា​ ប្រព្រឹត្ត​ម្នាក់ឯង​ក្នុង​កាលមុន​ អធិប្បាយ​ថា​ បុគ្គល​ប្រព្រឹត្ត​ម្នាក់​ឯង​ ក្នុង​កាលមុន​ ដោយហេតុ​ ២ គឺ​ ដោយ​ចំណែក​បព្វជ្ជា​ ឬដោយ​ការ​លះបង់​ពួក។
 បុគ្គល​ប្រព្រឹត្ត​ម្នាក់ឯង​ ក្នុង​កាលមុន​ ដោយ​ចំណែក​បព្វជ្ជា​ តើ​ដូចម្តេច។ បុគ្គល​កាត់​បង់​កង្វល់​ គឺ​ឃរាវាស​ទាំងអស់​ កាត់​បង់​កង្វល់​ គឺ​បុត្ត​ភរិយា​ កាត់​បង់​កង្វល់​ គឺ​ញាតិ​ កាត់​បង់​កង្វល់​គឺ​មិត្រ​ និ​ងអា​មា​ត្យ​ កាត់​បង់​កង្វល់​ គឺ​ការ​សន្សំ​ កោរសក់​ និ​ងពុកមាត់​ ស្លៀកដណ្តប់​សំពត់​ដែល​ជ្រលក់​ដោយ​ទឹកចត់​ ចេញ​ចាក​ផ្ទះ​ ចូល​ទៅកាន់​ផ្នួស​ ដល់​នូវ​ភាពជា​អ្នក​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ​ ត្រាច់​ទៅ​ សម្រាក​ សម្រាន្ត​ សម្រេច​ឥរិយាបថ​ ប្រព្រឹត្តទៅ​ រក្សា​ រស់នៅ​ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​តែម្នាក់ឯង​ បុគ្គល​ប្រព្រឹត្ត​ម្នាក់ឯង​ ក្នុង​កាលមុន​ ដោយ​ចំណែក​បព្វជ្ជា​ យ៉ាងនេះ។
 បុគ្គល​ប្រព្រឹត្ត​ម្នាក់ឯង​ ក្នុង​កាលមុន​ ដោយ​ការ​លះបង់​ពួក​ តើ​ដូចម្តេច។ បុគ្គល​នោះ​ លុះ​បួស​យ៉ាងនេះ​ហើយ​ ជា​បុគ្គល​ម្នាក់ឯង​ តែង​គប់​រក​សេនាសនៈ​ស្ងាត់​ គឺ​ព្រៃតូច​ និ​ងព្រៃធំ​ មិន​មាន​សំឡេង​ មិន​មានការ​គឹកកង​ ជាទី​បា្រស​ចាក​ខ្យល់​ ដែល​កើតអំពី​កាយ​នៃ​ជន​ ជាទី​ស្ងាត់​កំបាំង​របស់​មនុស្ស​ សមគួរ​ដល់​ការ​ពួ​នសម្ងំ។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637349981811015500
ទៅកាន់ទំព័រ៖