ព្រះត្រៃបិដក ភាគ ៦៤

យស និ​ងកេរ្តិ៍ឈ្មោះ​ណា​ (ធ្លាប់​មាន​) ក្នុង​កាលមុន​ យស​ និ​ងកេរ្តិ៍ឈ្មោះ​នោះ​ របស់​បុគ្គល​នោះ​ ក៏​សាបសូន្យ​ទៅ​ បព្វជិត​ឃើញ​នូវ​ដំណើរ​នុ៎ះហើយ​ គប្បី​សិក្សា​ ដើម្បី​លះបង់​មេថុនធម្ម។
[២៤៣​] បព្វជិត​នោះ​ ដែល​ត្រូវ​សង្កប្បៈ​ទាំងឡាយ​គ្រប​សង្កត់​ហើយ រមែង​សញ្ជប់​សញ្ជឹ​ង ដូច​មនុស្សកំព្រា​ បព្វជិត​មាន​សភាព​ដូច្នោះ​ លុះ​ឮពាក្យសំដី​របស់​​ពួក​ជន​ដទៃ​ហើយ​ រមែង​អៀនអន់។

 [២៤៤​] ពាក្យ​ថា បព្វជិត​នោះ ដែល​ត្រូវ​សង្កប្បៈ​ទាំងឡាយ​គ្រប​សង្កត់​ហើយ​ រមែង​សញ្ជប់សញ្ជឹង ដូច​មនុស្ស​កំ​ពា្រ អធិប្បាយ​ថា បព្វជិត​ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​កាម​ ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ព្យាបាទ ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​វិហឹសា​ ត្រូវ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ទិដ្ឋិ​ប៉ះពាល់ គ្រប​សង្កត់ ជ្រួតជ្រាប ប្រកប​ហើយ​ រមែង​ក្តុកក្តួល សញ្ជប់សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ ដូច​មនុស្សកំព្រា ឬដូច​ជា​អ្នក​ល្ងង់​ ឬក៏​ដូចជា​អ្នក​វង្វេងទិស។ មៀម កាល​ស្វែងរក​កណ្តុរ​លើ​មែកឈើ រមែង​ក្តៅ​ក្តួល សញ្ជប់សញ្ជឹង​ ស្រពាប់​ស្រពោន ជ្រុលជ្រប់ យ៉ាងណា ចចក​កាល​ស្វែងរក​ត្រី ទៀប​ឆ្នេរ​ស្ទឹង រមែង​ក្តៅ​ក្តួល​ សញ្ជប់សញ្ជឹង ស្រពាប់​ស្រពោន ជ្រុលជ្រប់ យ៉ាងណា
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637350006350467487
ទៅកាន់ទំព័រ៖