ព្រះត្រៃបិដក ភាគ ៦៤
[២៥៩] បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង (ព្រោះថា វិវេក) នុ៎ះ ជាធម៌ដ៏ឧត្តមរបស់ព្រះអរិយៈទាំងឡាយ បុគ្គលមិនគប្បីសំគាល់ថា ខ្លួនប្រសើរ ដោយវិវេកនោះទេ បុគ្គលនោះ (នឹងឋិតនៅ) ក្នុងទីជិតព្រះនិព្វាន។
[២៦០] ពាក្យថា បុគ្គល គប្បីសិក្សាវិវេកតែម្យ៉ាង សេចក្តីថា វិវេកមាន ៣ គឺកាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១។
កាយវិវេក តើដូចម្តេច។បេ។ នេះ ឧបធិវិវេក។ វិវេករបស់បុគ្គលទាំងឡាយ ដែលមានកាយចៀសចេញចាកពួក ត្រេកអរចំពោះនេក្ខម្មៈ ឈ្មោះថា កាយវិវេក ១ វិវេករបស់បុគ្គលទាំងឡាយ ដែលមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីផូរផង់ដ៏ក្រៃលែង ឈ្មោះថា ចិត្តវិវេក ១ វិវេករបស់បុគ្គលទាំងឡាយ ដែលមិនមានឧបធិកិលេស ដល់នូវវិសង្ខារគឺព្រះនិព្វាន ឈ្មោះថា ឧបធិវិវេក ១។ ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា គប្បីសិក្សាវិវេកតែម្យ៉ាង បានសេចក្តីថា គប្បីសិក្សា ប្រព្រឹត្ត ប្រព្រឹត្តព្រម សមាទាន ប្រព្រឹត្តទៅនូវវិវេក ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីសិក្សាវិវេកតែម្យ៉ាង។
ID: 637350012682700419
ទៅកាន់ទំព័រ៖