ព្រះត្រៃបិដក ភាគ ៦៤
ហេតុនោះព្រះមានព្រះភាគ ត្រាស់ថា
អ្នកទាំងឡាយ ចូរមើលពួកសត្វ ដែលមានសេចក្តីអាល័យ កំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ទាំងមានខ្សែទឹកអស់ហើយ បុគ្គលមិនមានអាល័យ លុះឃើញទោសនេះហើយ គប្បីប្រព្រឹត្ត មិនធ្វើការជាប់ចំពាក់ក្នុងភពទាំងឡាយ។
[៦០] អ្នកបា្រជ្ញ រមែងបន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងទីបំផុតទាំងពីរ រមែងកំណត់ដឹងផស្សៈ ហើយជាអ្នកមិនជាប់ចំពាក់ ជាអ្នកតិះដៀលអំពើណាដោយខ្លួនឯង តែងមិនធ្វើអំពើនោះ មិនប្រឡាក់ក្នុងអារម្មណ៍ទាំងឡាយ ដែលខ្លួនឃើញហើយ ឮហើយឡើយ។
[៦១] អធិប្បាយពាក្យថា រមែងបន្ទោបង់នូវសេចក្តីពេញចិត្តក្នុងទីបំផុតទាំងពីរ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈ ជាទីបំផុតទី ១ ហេតុដែលកើតផស្សៈ ជាទីបំផុតទី ២។ អតីតកាល ជាទីបំផុតទី ១ អនាគតកាល ជាទីបំផុតទី ២។ សុខវេទនា ជាទីបំផុតទី ១ ទុក្ខវេទនាជាទីបំផុតទី ២។ នាម ជាទីបំផុតទី ១ រូប ជាទីបំផុតទី ២។ អាយតនៈខាងក្នុង ៦ ជាទីបំផុតទី ១ អាយតនៈខាងក្រៅ ៦ ជាទីបំផុតទី ២។ សក្កាយៈ ជាទីបំផុតទី ១ ហេតុជាដែនកើតនៃសក្កាយៈ ជាទីបំផុតទី ២។
ID: 637349157237195053
ទៅកាន់ទំព័រ៖