ព្រះត្រៃបិដក ភាគ ៦៥
[១១] ទិដ្ឋិ ៦២ លោកហៅថា ធម្មជាតិជាគ្រឿងជ្រឿសរើសរបស់បទថា ធម្មជាតិជាគ្រឿងជ្រឿសរើស ដែលគេកំណត់ហើយ។
ពាក្យថា គេកំណត់ហើយ គឺគេសម្រេច តែងតាំង រៀបចំ គេតែងតាំងដូច្នេះខ្លះ ឬថា មិនទៀង បច្ច័យតាក់តែង អាស្រ័យបច្ច័យហើយទើបកើតឡើង មានកិរិយាអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា គេតែងតាំងដូច្នេះខ្លះ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ធម្មជាតិជាគ្រឿងជ្រើសរើសណា ដែលគេកំណត់ហើយ។ ពាក្យថា ដូច្នេះ ក្នុងបទថា មាគន្ទិយព្រាហ្មណ៍ពោលដូច្នេះ គឺជាបទសន្ធិ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មាគន្ទិយៈ ជានាម ជាកិរិយារាប់ ជាឈ្មោះ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ មានពាក្យថា មាគន្ទិយព្រាហ្មណ៍ ពោលដូច្នេះ។
[១២] ពាក្យថា នូវធម៌ទាំងនោះ ក្នុងបទថា ព្រះអង្គជាមុនិ មិនប្រកាន់នូវធម៌ទាំងនោះ ហើយត្រាស់នូវសេចក្តីណាថា សេចក្តីស្ងប់ខាងក្នុង គឺបានដល់ទិដ្ឋិ ៦២។ ញាណ ហៅថាមោនៈ ក្នុងបទថា មុនិ។បេ។ មុនិនោះ កន្លងបណ្តាញជាគ្រឿងជាប់ចំពាក់។ ពាក្យថា មិនប្រកាន់ គឺព្រះអង្គប្រកាន់ថា តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ទាំងត្រាស់ថា សេចក្តីស្ងប់ខាងក្នុង។
ID: 637350217033605593
ទៅកាន់ទំព័រ៖