ព្រះត្រៃបិដក ភាគ ៦៥

បុគ្គល​មិន​ក្រោធ​ ព្រោះ​មិន​មានលាភ​ យ៉ាងនេះ​ឯង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​មិន​សិក្សា​ដើម្បី​លាភ​ផង​ មិន​ក្រោធ​ ព្រោះ​មិន​មានលាភ​ផង។
 [៩១​] អធិប្បាយ​ពាក្យ​ថា​ មិន​អាក់អន់​ព្រោះ​តណ្ហា​ផង​ មិន​ជាប់​ព្រោះ​រស​ផង​ ត្រង់​ពាក្យ​ថា​ ការ​អាក់អន់​ មាន​សេចក្តី​ថា​ ការបៀតបៀន​ ការ​ថ្នាំងថ្នាក់​ ការ​ខឹង​ ការ​ក្រោធ​ ការ​ខឹង​ញ័រ​ ការ​ក្រោធ​ខ្លាំង​ ការ​អាក់អន់​ ការ​ប្រទូស្ត​ ការ​ប្រទូស្ត​ខ្លាំង​នៃ​ចិត្ត​ ការ​គុំគួន​នៃ​ចិត្ត​ ការ​ប្រទូស្ត​ក្នុងចិត្ត​ ការ​ក្រេវក្រោធ​ អាការ​ក្រោធ​ ភាព​នៃ​ចិត្ត​ក្រោធ​ ការ​អាក់អន់​ អាការ​អាក់អន់​ ភាព​នៃ​ចិត្ត​អាក់អន់​ ការ​គុំគួន​ អាការ​គុំគួន​ ភាព​នៃ​ចិត្ត​គុំគួន​ កំហឹង កំហឹង​តប​ ភាព​នៃ​ចិត្ត​កាច​ ការ​សម្រក់​ទឹកភ្នែក​ ភាព​នៃ​ចិត្ត​មិន​ត្រេកអរ​ឯណា​ នេះ​ហៅថា​ ការ​អាក់អន់។ ការ​អាក់អន់​ ភិក្ខុ​ណា​ បាន​លះបង់​ ផ្តាច់ផ្តិល​ ធ្វើឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ ភិក្ខុ​នោះ​ លោក​ហៅថា​ អ្នក​មិន​អាក់អន់។ ពាក្យ​ថា​ តណ្ហា​ គឺ​រូប​តណ្ហា​ សទ្ទ​តណ្ហា​ គន្ធ​តណ្ហា រស​តណ្ហា​ ផោដ្ឋព្វ​តណ្ហា ធម្ម​តណ្ហា។ ពាក្យ​ថា​ រស​ គឺ​រស​នៃ​ឫស គល់​ ឬមើម​ រស​ដើម​ រស​សម្បក​ រស​ស្លឹក​ រស​ផ្កា​ រស​ផ្លែ​ រសជូរ​ ផ្អែម​ ល្វីង​ ហឹរ​ ប្រៃ​ ខារ​ ជូរអែម​ ចត់​ ឆ្ងាញ់​ មិន​ឆ្ងាញ់​ ត្រជាក់​ ក្តៅ។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637351062640704924
ទៅកាន់ទំព័រ៖