ព្រះត្រៃបិដក ភាគ ៦៥

ភិក្ខុ​ពិចារណា​ដោយ​ឧបាយ​ បរិភោគ​អាហារ​ដោយ​គិតថា​ អាត្មាអញ​បរិភោគ​ មិនមែន​ដើម្បី​លេង​ មិនមែន​ដើម្បី​ស្រវឹង​ មិនមែន​ដើម្បី​ប្រដាប់​ មិនមែន​ដើម្បី​ស្អិតស្អាង​ (បរិភោគ​) ដើម្បីឲ្យ​តាំងនៅ​នៃ​កាយ​នេះ​ ដើម្បី​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​បំបាត់​បង់​សេចក្តី​លំបាក​ ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ​តែប៉ុណ្ណោះ​ អាត្មាអញ​កំចាត់​បង់​វេទនា​ចាស់​ ទាំង​មិន​ឲ្យ​វេទនា​ថ្មី​កើតឡើង​ ការ​ត្រាច់​ទៅ​ (ដោយ​ឥរិយាបថ​) ផង​ ការ​មិន​មានទោស​ផង​ ការ​នៅជា​សុខសប្បាយ​ផង​ នឹង​មានដល់​អាត្មាអញ​ដោយ​ឧបាយ​ដូចនេះ​ ភិក្ខុ​រមែង​លះបង់​ បន្ទោបង់​ ធ្វើឲ្យ​វិនាស​ ធ្វើ​តណ្ហា​ក្នុង​រស​មិន​ឲ្យ​កើតមាន​ ជា​អ្នក​ចៀសវាង​ វៀរ​ស្រឡះ​ ប្រាស​ចេញ​ចាក​តណ្ហា​ក្នុង​រស​ មានចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​អាក់អន់​ព្រោះ​តណ្ហា​ផង មិន​ជាប់​រស​ផង។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា
បុគ្គល​មិន​សិក្សា​ ព្រោះ​ប្រាថ្នា​លាភ​ផង មិន​ក្រោធ​ព្រោះ​មិន​មានលាភ​ផង មិន​អាក់អន់​ព្រោះ​តណ្ហា​ផង មិន​ជាប់ ព្រោះ​រស​ផង។
[៩២​] បុគ្គល​ណា ជា​អ្នក​ព្រងើយកន្តើយ មានស្មារតី​គ្រប់​កាល មិន​ប្រកាន់​ថា​ស្មើ​ មិន​ប្រកាន់​ថា​វិសេស មិន​ប្រកាន់​ថា​ថោកទាប ក្នុង​លោក ធម៌​ជា​គ្រឿង​ដុះដាល​របស់​បុគ្គល​នោះ​ មិន​មាន​ទេ។
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637351063630990397
ទៅកាន់ទំព័រ៖