ព្រះត្រៃបិដក ភាគ ៦៥
ត្រចៀកមានសំឡេងជាទីត្រេកអរ។ ច្រមុះមានក្លិនជាទីត្រេកអរ។ អណ្តាតមានរសជាទីត្រេកអរ ត្រេកអរហើយក្នុងរស រីករាយព្រមក្នុងរស តែអណ្តាតនោះ ព្រះអរហន្ត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងព្រះអរហន្តនោះសំដែងធម៌ ដើម្បីការសង្រួមអណ្តាតនោះ។ កាយ មានផ្សព្វជាទីត្រេកអរ។ ចិត្ត មានធម្មារម្មណ៍ជាទីត្រេកអរ ត្រេកអរហើយក្នុងធម្មារម្មណ៍ រីករាយព្រមក្នុងធម្មារម្មណ៍ តែចិត្តនោះ ព្រះអរហន្តបានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងព្រះអរហន្តនោះ សំដែងធម៌ដើម្បីការសង្រួមចិត្តនោះ។
ពួកជនរមែងនាំពាហនៈ (មានដំរីជាដើម) ដែលហាត់ហើយ ទៅកាន់ទីប្រជុំ ព្រះរាជារមែងឡើងគង់ពាហនៈ ដែលហាត់ហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់ធន់នឹងពាក្យពោលទ្រគោះ មនុស្សនោះ ឈ្មោះថា ជាអ្នកហាត់ហើយ ជាបុគ្គលប្រសើរផុត។ សេះអស្សតរក្តី សេះសិន្ធពអាជានេយ្យក្តី ដំរីដ៏ប្រសើរជាកុញ្ជរជាតិក្តី ដែលគេបង្ហាត់ហើយ ឈ្មោះថា ជាសត្វដ៏ប្រសើរ តែបុគ្គលអ្នកមានខ្លួនទូន្មានហើយ ប្រសើរជាងសត្វទាំងនោះ។
ID: 637351065214635024
ទៅកាន់ទំព័រ៖