ព្រះត្រៃបិដក ភាគ ៦៥
បុគ្គលមិនគប្បីទៅកាន់ទិសដែលមិនធ្លាប់ទៅ គឺព្រះនិព្វាន ដោយយានទាំងឡាយនោះបានទេ លុះតែបុគ្គលអ្នកមានខ្លួនទូន្មាន ទើបទៅកាន់ទិស គឺព្រះនិព្វាន ដោយខ្លួនដែលទូន្មានហើយ ទូន្មានល្អហើយ។
ព្រះអរហន្តទាំងឡាយ រួចស្រឡះចាកភពថ្មី ដល់ហើយនូវទន្តភូមិ គឺអរហត្តផល រមែងមិនកំរើកក្នុងតណ្ហា និងទិដ្ឋិផ្សេង ៗ ព្រះអរហន្តទាំងនោះ ឈ្មោះថា ជាអ្នកមានជ័យជំនះក្នុងលោក។
ឥន្រ្ទិយទាំងឡាយ ដែលព្រះខីណាស្រពណា ចំរើនហើយ ព្រះខីណាស្រពនោះ ឈ្មោះថាមានធម៌ចំរើនហើយ មានខ្លួនទូន្មានល្អហើយ ដឹងច្បាស់នូវអារម្មណ៍ទាំងខាងក្នុងខាងក្រៅ ក្នុងលោកទាំងពួងផង នូវលោកនេះផង នូវលោកខាងមុខផង រមែងរង់ចាំនូវកាលកិរិយា (តែប៉ុណ្ណោះ)
ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកព្រងើយកន្តើយ។ ពាក្យថា ក្នុងកាលទាំងពួង គឺ គ្រប់កាល អស់កាលទាំងពួង អស់កាលជានិច្ច អស់កាលដ៏ទៀងទាត់។បេ។ ក្នុងគំនរនៃបច្ឆិមវ័យ។
ID: 637351065641408985
ទៅកាន់ទំព័រ៖