ព្រះត្រៃបិដក ភាគ ៦៥

[១៤​] (ព្រះមានព្រះភាគ ត្រាស់​តប​ថា ម្នាល​មា​គន្ទិយៈ​) អ្នកប្រាជ្ញ​មិន​ពោល​នូវ​សេចក្តី​បរិសុទ្ធិ​ ព្រោះ​ការ​ឃើញ​ទេ ព្រោះ​ការ​ឮទេ ព្រោះ​ការ​ដឹង​ទេ ព្រោះ​សីល និង​វត្ត​ទេ ទាំង​មិន (ពោល​នូវ​សេច​ក្តី​បរិ​សុ​ទ្ធិ​) ព្រោះ​ការ​មិនឃើញ​ ព្រោះ​ការ​មិនឮ ព្រោះ​ការ​មិនដឹង ព្រោះ​មិន​មាន​សីល ព្រោះ​មិន​មាន​វត្ត​នោះ​ទេ ទាំង​លះបង់​ មិន​ប្រកាន់​ធម៌​ទាំងនោះ ជា​អ្នក​ស្ងប់ មិន​អាស្រ័យ មិន​គប្បី​ប្រាថ្នា​ភព។

 [១៥​] ពាក្យ​ថា​ ព្រោះ​ការ​ឃើញ​ទេ ព្រោះ​ការ​ឮទេ ព្រោះ​ការ​ដឹង​ទេ អធិប្បាយ​ថា អ្នកប្រាជ្ញ មិន​ពោល​ មិន​ថ្លែង មិន​ពណ៌​នា មិន​ពន្យល់ មិន​សំដែង​ នូវ​សេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការ​ផុត ផុត​ស្រឡះ ផុត​ជុំវិញ ព្រោះ​ការដែល​ឃើញ។ មិន​ពោល មិន​ថ្លែង មិន​ពណ៌​នា មិន​ពន្យល់​ មិន​សំដែង​នូវ​សេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការ​ផុត ផុត​ស្រឡះ ផុត​ជុំវិញ​ ព្រោះ​ការដែល​ឮ។ មិន​ពោល មិន​ថ្លែង មិន​ពណ៌​នា​ មិន​ពន្យល់ មិន​សំដែង​នូវ​សេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការ​ផុត ផុត​ស្រឡះ​ ផុត​ជុំវិញ ព្រោះ​ការ​ឃើញ ទាំង​ការ​ឮ។ មិន​ពោល មិន​ថ្លែង មិន​ពណ៌​នា​ មិន​ពន្យល់ មិន​សំដែង​នូវ​សេចក្តី​ស្អាត ស្អាត​វិសេស បរិសុទ្ធិ ការ​ផុត ផុត​ស្រឡះ​ ផុត​ជុំវិញ ព្រោះ​ការ​ដឹង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ការ​ឃើញ​ទេ ព្រោះ​ការ​ឮទេ ព្រោះ​ការ​ដឹង​ទេ។
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637350218374405598
ទៅកាន់ទំព័រ៖