ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ យ៉ាង គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានស្មារតី ១ ក្នុងវេទនាទាំងឡាយ ១ ក្នុងចិត្ត ១ បុគ្គលចំរើនធម្មានុបស្សនាសតិប្បដ្ឋានក្នុងធម៌ទាំងឡាយ ឈ្មោះថា អ្នកមានស្មារតី ១។បេ។ បុគ្គលនោះលោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកព្រងើយកន្តើយ មានស្មារតីគ្រប់កាល។
[៩៤] ពាក្យថា មិនប្រកាន់ថាស្មើ ក្នុងលោក គឺមិនញុំាងមានះឲ្យកើតឡើង ដោយសារជាតិក្តី ដោយសារគោត្រក្តី។បេ។ ដោយសារវត្ថុណាមួយក្តីថា អាត្មាអញជាបុគ្គលស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រកាន់ថាស្មើ ក្នុងលោក។
[៩៥] ពាក្យថា មិនប្រកាន់ថាវិសេស មិនប្រកាន់ថាថោកទាប អធិប្បាយថា បុគ្គលមិនញុំាងអតិមានះឲ្យកើតឡើង ដោយសារជាតិក្តី ដោយសារគោត្រក្តី។បេ។ ដោយសារវត្ថុណាមួយក្តីថា អាត្មាអញជាបុគ្គលប្រសើរ។ មិនញុំាងមានះឲ្យកើតឡើង ដោយសារជាតិក្តី ដោយសារគោត្រក្តី។បេ។ ដោយសារវត្ថុណាមួយក្តីថា អាត្មាអញថោកទាប ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រកាន់ថាវិសេស មិនប្រកាន់ថាថោកទាប។
ID: 637351066034742025
ទៅកាន់ទំព័រ៖