ព្រះត្រៃបិដក ភាគ ៦៥

បាន​ដល់​និស្ស័យ​ ២ យ៉ាង​ គឺ​ តណ្ហា​និស្ស័យ​ ១ ទិដ្ឋិ​និស្ស័យ​ ១។បេ។ នេះ តណ្ហា​និស្ស័យ​។បេ។ នេះ​ ទិដ្ឋិ​និស្ស័យ​។ ព្រះអរហន្ត​លះបង់​នូវ​តណ្ហា​និស្ស័យ​ រលាស់​ចេញ​នូវ​ទិដ្ឋិ​និស្ស័យ​ មិន​អាស្រ័យ​ចក្ខុ​ មិន​អាស្រ័យ​សោតៈ​ មិន​អាស្រ័យ​ឃានៈ​ មិន​អាស្រ័យ​ជិវ្ហា​ មិន​អាស្រ័យ​កាយ​ មិន​អាស្រ័យ​ចិត្ត​ មិន​អាស្រ័យ​រូប​ សំឡេង​ ក្លិន​ រស​ ផ្សព្វ​ ត្រកូល​ ​ពួក​ អាវាស​។បេ។ មិន​អាស្រ័យ​ មិន​ជាប់​ មិន​កៀកកើយ​ មិន​ជ្រុលជ្រប់​ មិន​ចុះ​ស៊ប់​ គឺ​លោក​ឃ្លាត​ចេញ​ រលាស់​ចេញ​ រួច​ស្រឡះ​ ប្រាស​ចេញ​ មានចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់​ ក្នុង​ធម៌​ដែល​គប្បី​ឃើញ​ ឮ ប៉ះពាល់​ ឬដឹង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ​មិន​អាស្រ័យ​ ព្រោះ​ដឹង​នូវ​ធម៌​។
 [១០០​] អធិប្បាយ​ពាក្យ​ថា​ តណ្ហា​ក្នុង​ភព​ និង​វិភព​នៃ​បុគ្គល​ណា មិន​មាន​ ត្រង់​ពាក្យ​ថា​ តណ្ហា​ គឺ​រូប​តណ្ហា​ សទ្ទ​តណ្ហា​ គន្ធ​តណ្ហា​ រស​តណ្ហា​ ផោដ្ឋព្វ​តណ្ហា​ ធម្ម​តណ្ហា​ ពាក្យ​ថា​ នៃ​បុគ្គល​ណា​ គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព​។ ពាក្យ​ថា​ ក្នុង​ភព​ គឺ​ក្នុង​ភវ​ទិដ្ឋិ​។ ពាក្យ​ថា​ វិភព​ គឺ​ក្នុង​វិភវ​ទិដ្ឋិ​។ ពាក្យ​ថា​ ក្នុង​ភព​ គឺ​ក្នុង​សស្ស​តទិដ្ឋិ​។ ពាក្យ​ថា​ វិភព​ គឺ​ក្នុង​ឧច្ឆេទ​ទិដ្ឋិ​។ ពាក្យ​ថា​ ក្នុង​ភព​ គឺ​ក្នុង​ភព​ រឿយ​ៗ ក្នុង​គតិ​រឿយ​ៗ ក្នុង​ការ​កើត​ឡើ​ងរឿយៗ​ ក្នុង​បដិសន្ធិ​រឿយ​ៗ
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637351067289905348
ទៅកាន់ទំព័រ៖