ព្រះត្រៃបិដក ភាគ ៦៥

 [១០៣​] អធិប្បាយ​ពាក្យ​ថា​ អ្នក​មិន​អាល័យ​ក្នុង​កាម​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ កាម​ បើ​តាម​ឧទ្ទាន​ បាន​ដល់​កាម​ ២ គឺ​ វត្ថុកាម​ ១ កិលេស​កាម​ ១។បេ។ នេះ​ហៅថា វត្ថុកាម​។បេ។ នេះ​ហៅថា​ កិលេស​កាម​។ ព្រះអរហន្ត​កំណត់​ដឹង​វត្ថុកាម​ លះបង់​ កំចាត់​បង់​ បន្ទោបង់​ ធ្វើ​ឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​ នូវ​កិលេស​កាម​ ជា​អ្នក​មិន​អាល័យ​ក្នុង​កាម​ទាំងឡាយ​ ជា​អ្នកមាន​កាម​ទៅ​ប្រាស​ មាន​កាម​លះបង់ មាន​កាម​ខ្ជាក់​ចេញ​ មាន​កាម​រួច​ស្រឡះ​ មាន​កាម​បោះបង់​ មាន​កាម​រលាស់​ចេញ​ មាន​រាគៈ​ទៅ​ប្រាស​ មាន​រាគៈ​លះបង់​ មាន​រាគៈ​ខ្ជាក់​ចេញ​ មាន​រាគៈ​រួច​ស្រឡះ​ មាន​រាគៈ​បោះបង់​ មាន​រាគៈ​រលាស់​ចេញ​ ជា​អ្នក​មិន​មាន​ប្រាថ្នា​ ជា​អ្នក​រលត់ទុក្ខ​ ជា​អ្នក​ត្រជាក់​ ទទួល​សុខ​ មានចិត្ត​ដ៏​ប្រសើរ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​អាល័យ​ក្នុង​កាម​ទាំងឡាយ​។
 [១០៤​] អធិប្បាយ​ពាក្យ​ថា​ គន្ថៈ​នៃ​បុគ្គល​នោះ​មិន​មាន​ទេ​ ត្រង់​ពាក្យ​ថា​ គន្ថៈ​ បាន​ដល់​គន្ថៈ​ ៤ យ៉ាង​ គឺ​ អភិជ្ឈា​កាយ​គន្ធៈ​ ១ ព្យាបាទ​កាយ​គន្ធៈ​ ១ សីលព្វត​បរាមាស​កាយ​គន្ធៈ​ ១ ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ​ ១។ តម្រេក​ក្នុង​ទិដ្ឋិ​របស់​ខ្លួន​ ឈ្មោះថា​ អភិជ្ឈា​កាយគន្ថៈ​។ ការ​គុំគួន ការ​អាក់អន់​ក្នុង​វាទៈ​របស់​បុគ្គល​ដទៃ​ ឈ្មោះថា​ ព្យាបាទ​កាយគន្ថៈ​។
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637351068137828517
ទៅកាន់ទំព័រ៖