ព្រះត្រៃបិដក ភាគ ៦៥
បុគ្គលស្ទាបអង្អែលសីល ឬវ័ត ឬក៏សីល និងវ័តរបស់ខ្លួន ឈ្មោះថា សីលព្វតបរាមាសកាយគន្ថៈ។ ទិដ្ឋិរបស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈ ពាក្យថា នៃបុគ្គលនោះ គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា គន្ថៈនៃបុគ្គលនោះមិនមានទេ បានសេចក្តីថា គន្ថៈនៃបុគ្គលនោះ មិនមាន ឥតមាន លែងមាន លោកមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) គន្ថៈនៃបុគ្គលនោះ មិនមានទេ។
[១០៥] ពាក្យថា បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា អធិប្បាយថា តណ្ហា លោកហៅថា វិសត្តិកា បានដល់តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះវិសត្តិកា ដោយអត្ថដូចម្តេច។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិផ្សាយទៅកាន់អារម្មណ៍។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិដ៏ទូលាយ។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិជ្រួតជ្រាប។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិមិនស្មើ។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិអត់ធន់។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិនាំត្រឡប់ (ចាកអកុសលធម៌)។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិឲ្យពោលខុស។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិមានផ្លែជាពិស។
ID: 637351068533348898
ទៅកាន់ទំព័រ៖