ព្រះត្រៃបិដក ភាគ ៦៥
ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិមានគ្រឿងបរិភោគជាពិស។ មួយទៀត តណ្ហានោះ ជាធម្មជាតិដ៏ទូលាយ ជ្រួតជ្រាប ផ្សាយទៅ ក្នុងរូប ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ក្នុងផ្សព្វ ក្នុងត្រកូល ក្នុងពួក ក្នុងអាវាស។បេ។ ក្នុងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគួរដឹង ព្រោះហេតុនោះ តណ្ហា ទើបឈ្មោះថា វិសត្តិកា។ ពាក្យថា បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា គឺបុគ្គលនោះបានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវតណ្ហា ដែលឈ្មោះថា វិសត្តិកានេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ បានឆ្លងនូវវិសត្តិកាតណ្ហា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
តថាគត ពោលនូវបុគ្គលអ្នកមិនអាល័យ ក្នុងកាមទាំងឡាយនោះ ថាជាអ្នកស្ងប់ គន្ថៈនៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា។
[១០៦] បុត្ត សត្វចិញ្ចឹម ស្រែ និងទីរបស់បុគ្គលនោះមិនមានទេ អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរកមិនបានក្នុងបុគ្គលនោះឡើយ។
ID: 637351068965436878
ទៅកាន់ទំព័រ៖