ព្រះត្រៃបិដក ភាគ ៦៥
[១១០] អធិប្បាយពាក្យថា មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បីពោលដោយកិលេសណា សំនួរត្រង់ពាក្យថា បុថុជ្ជន ចុះបុថុជ្ជន ដោយអត្ថដូចម្តេច។ ឈ្មោះថា បុថុជ្ជន ព្រោះញុំាងកិលេសក្រាស់ឲ្យកើត។ ឈ្មោះថា បុថុជ្ជន ព្រោះមិនទាន់កំចាត់បង់សក្កាយទិដ្ឋិដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកយល់មុខសាស្តាទាំងឡាយដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកត្រូវគតិទាំងពួងដ៏ច្រើនរួបរឹត។ ឈ្មោះថា បុថុជ្ជន ព្រោះតាក់តែងដោយអភិសង្ខារផ្សេង ៗ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវជំនន់ផ្សេងៗ ដ៏ច្រើន បន្សាត់ទៅ។ ឈ្មោះថា បុថុជ្ជន ព្រោះអន្ទះអន្ទែងដោយសេចក្តីអន្ទះអន្ទែងផ្សេងៗ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវសេចក្តីក្តៅក្រហាយផ្សេង ៗ ដ៏ច្រើនដុតហើយ។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកត្រេកអរ ចង់បាន ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ជាប់នៅ ចំពាក់នៅ សាន់វ៉ាន់នៅ ក្នុងកាមទាំង ៥ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវនីវរណៈទាំង ៥ ដ៏ច្រើន ខ្ទប់ រាំង ហ៊ុម បិទ បាំង គ្របហើយ។ ពាក្យថា សមណៈ គឺ ពួកជនណាមួយចូលទៅរកបរិព្វាជក ជាខាងក្រៅសាសនានេះ បួសជាបរិព្វាជក។
ID: 637351070041983210
ទៅកាន់ទំព័រ៖