ព្រះត្រៃបិដក ភាគ ៦៥
ពាក្យថា ព្រាហ្មណ៍ គឺពួកជនណាមួយ ជាភោវាទិ។ ពាក្យថា មួយទៀត សមណព្រាហ្មណ៍ទាំងឡាយជាបុថុជ្ជន គប្បីពោលដោយកិលេសណា បានសេចក្តីថា ពួកបុថុជ្ជនគប្បីពោលដោយរាគៈណា គប្បីពោលដោយទោសៈណា គប្បីពោលដោយមោហៈណា គប្បីពោលដោយមានះណា គប្បីពោលដោយទិដ្ឋិណា គប្បីពោលដោយឧទ្ធច្ចៈណា គប្បីពោលដោយវិចិកិច្ចាណា គប្បីពោលដោយអនុស័យណា ថា (អ្នកនេះ) ជាអ្នកត្រេកអរ ឬថាជាអ្នកប្រទូស្ត ថាជាអ្នកវង្វេង ឬថាជាអ្នកជាប់ចំពាក់ ថាជាអ្នកស្ទាបអង្អែល ឬថាជាអ្នកដល់នូវសេចក្តីរាយមាយ ថាជាអ្នកមិនដាច់ស្រេច ឬថាជាអ្នកដល់នូវកំឡាំង។ អភិសង្ខារទាំងនោះ បុគ្គលនោះ លះបង់ហើយ ព្រោះលោកលះបង់នូវអភិសង្ខារទាំងឡាយអស់ហើយ ពួកបុថុជ្ជន គប្បីពោលនូវគតិទាំងឡាយថា (អ្នកនេះ) ជាអ្នកកើតក្នុងនរក ឬថាជាអ្នកកើតក្នុងកំណើតតិរច្ឆាន ថាជាអ្នកកើតក្នុងបិត្តិវិស័យ ឬថាជាមនុស្ស ថាជាទេវតា ឬថាជារូបព្រហ្ម ថាជាអរូបព្រហ្ម ឬថាជាសញ្ញីសត្វ ថាជាអសញ្ញីសត្វ ឬថាជានេវសញ្ញីនាសញ្ញីសត្វ ដោយហេតុណា។
ID: 637351070369369711
ទៅកាន់ទំព័រ៖