ព្រះត្រៃបិដក ភាគ ៦៥
[១១២] ពាក្យថា ព្រោះហេតុនោះ ក្នុងបទថា ព្រោះហេតុនោះ បុគ្គលនោះមិនញាប់ញ័រក្នុងវាទៈទាំងឡាយ គឺ ព្រោះហេតុនោះ ព្រោះការណ៍នោះ ព្រោះទំនងនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលនោះ មិនញាប់ញ័រ ឥតញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនរំជួយ មិនប្រែត្រឡប់ក្នុងវាទៈទាំងឡាយ គឺក្នុងឧបវាទៈ ក្នុងពាក្យនិន្ទា ក្នុងពាក្យតិះដៀល ក្នុងពាក្យបង្អាប់ ក្នុងពាក្យមិននាំមកនូវគុណ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ បុគ្គលនោះ មិនញាប់ញ័រក្នុងវាទៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បីពោលដោយកិលេសណា បុគ្គលនោះ មិនធ្វើកិលេសនោះឲ្យជាប្រធាន ព្រោះហេតុនោះ បុគ្គលនោះ មិនញាប់ញ័រក្នុងវាទៈទាំងឡាយ។
[១១៣] បុគ្គលជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់ ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ។
ID: 637351071165567720
ទៅកាន់ទំព័រ៖