ព្រះត្រៃបិដក ភាគ ៦៥
[១១៤] ពាក្យថា ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានេះ បុគ្គលណាលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកប្រាសចាកសេចក្តីប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នាក្នុងរូប។បេ។ មិនប្រាថ្នា មិនចំពាក់ មិនងុលងប់ មិនជ្រុលជ្រប់ ក្នុងពួកធម៌ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង គឺជាអ្នកប្រាសចាកការប្រាថ្នា លះបង់ការប្រាថ្នា ខ្ជាក់ចោលការប្រាថ្នា រួចចាកការប្រាថ្នា រលាស់ចោលការប្រាថ្នា មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ ជាអ្នកត្រជាក់ សោយសុខ នៅដោយចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា។ ពាក្យថា សេចក្តីកំណាញ់ ក្នុងបទថា មិនមានសេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ឯណា មានសភាពយ៉ាងនេះ។បេ។ សេចក្តីប្រកាន់នេះ លោកហៅថា សេចក្តីកំណាញ់។ សេចក្តីកំណាញ់នេះ
ID: 637351071497329825
ទៅកាន់ទំព័រ៖