ព្រះត្រៃបិដក ភាគ ៦៥
បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតរោលដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់។
[១១៥] ពាក្យថា ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ ត្រង់ពាក្យថាមុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លងនូវបណ្តាញជាគ្រឿងជាប់ចំពាក់។ មុនិ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែងថា អាត្មាអញជាបុគ្គលប្រសើរ ឬថាអាត្មាអញជាបុគ្គលប្រហែលនឹងគេ ឬក៏ថា អាត្មាអញជាបុគ្គលថោកទាបជាងគេ ដូច្នេះឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ។
[១១៦] ពាក្យថា កប្បៈ ក្នុងបទថា ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ បានដល់កប្បៈ ២ គឺ កប្បៈគឺតណ្ហា ១ កប្បៈគឺទិដ្ឋិ ១។បេ។ នេះ កប្បៈគឺតណ្ហា។បេ។ នេះ កប្បៈគឺទិដ្ឋិ។
ID: 637351071888630434
ទៅកាន់ទំព័រ៖