ព្រះត្រៃបិដក ភាគ ៦៥
មុនិនោះ លះបង់កប្បៈគឺតណ្ហា រលាស់ចោលកប្បៈគឺទិដ្ឋិហើយ ព្រោះលះបង់កប្បៈគឺតណ្ហា ព្រោះរលាស់ចោលកប្បៈគឺទិដ្ឋិ ទើបលោកមិនដល់ មិនចូលទៅជិតដល់ មិនចូលទៅរក មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវកប្បៈគឺតណ្ហា ឬកប្បៈគឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនមានកប្បៈ។ ពាក្យថា កប្បៈ ក្នុងបទថា ជាអ្នកមិនមានកប្បៈ បានដល់ កប្បៈ ២ គឺ កប្បៈគឺតណ្ហា ១ កប្បៈគឺទិដ្ឋិ ១។បេ។ នេះកប្បៈគឺតណ្ហា។ បេ។ នេះ កប្បៈគឺទិដ្ឋិ។ មុនិនោះ លះបង់កប្បៈគឺតណ្ហា រលាស់ចោលកប្បៈគឺទិដ្ឋិហើយ ព្រោះលោកលះបង់កប្បៈគឺតណ្ហា ព្រោះលោករលាស់ចោលកប្បៈគឺទិដ្ឋិ ទើបលោកមិនឲ្យសម្រេច មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ នូវកប្បៈគឺតណ្ហា ឬកប្បៈគឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់ ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ។
ID: 637351072271649120
ទៅកាន់ទំព័រ៖