ព្រះត្រៃបិដក ភាគ ៦៥

[១១៧​] ការ​ហួងហែង​ថា​ជា​របស់​ខ្លួន​ ក្នុង​លោក​ នៃ​បុគ្គល​ណា​ មិន​មាន​ បុគ្គល​ណា​ មិន​សោក​ស្តាយ​ ព្រោះ​វត្ថុ​ដែល​មិន​មាន​ផង​ មិន​លុះ​ក្នុង​ធម៌​ទាំងឡាយ​ផង​ បុគ្គល​នោះ​ឯង​ លោក​ហៅថា​ អ្នក​ស្ងប់​។

 [១១៨​] ពាក្យ​ថា​ ការ​ហួងហែង​ ថា​ជា​របស់​ខ្លួន​ក្នុង​លោក​ នៃ​បុគ្គល​ណា​មិន​មាន​ ត្រង់​ពាក្យ​ថា​ នៃ​បុគ្គល​ណា​ គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព​។ ពាក្យ​ថា​ ការ​ហួងហែង​ថា​ជា​របស់​ខ្លួន​ មិន​មាន​ សេចក្តី​ថា​ វត្ថុ​ណាមួយ​ គឺ​រូប​ វេទនា​ សញ្ញា​ សង្ខារ​ វិញ្ញាណ​ ដែល​បុគ្គល​កួច​កាន់​ ស្ទាបអង្អែល​ ប្រកាន់​មាំ​ ចុះចិត្តស៊ប់​ បង្អោន​ទៅ​ថា​ នេះ​របស់​អញ​ ឬនេះ​របស់​ពួក​ជន​ដទៃ​ ដូច្នេះ​ នៃ​បុគ្គល​ណា​ មិន​មាន​។បេ។ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​ហួងហែង​ថា​ជា​របស់​ខ្លួន​ក្នុង​លោក​ នៃ​បុគ្គល​ណា​ មិន​មាន​។
 [១១៩​] អធិប្បាយ​ពាក្យ​ថា​ មិន​សោក​ស្តាយ​ ព្រោះ​វត្ថុ​ដែល​មិន​មាន​ផង គឺ​មិន​សោក​នឹង​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ ឬមិន​សោក​ក្នុង​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ គឺ​មិន​សោក​ថា​ ភ្នែក​របស់​អញ​ប្រែប្រួល​ហើយ​ មិន​សោក​ស្តាយ​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​គក់​ទ្រូង​កន្ទក់​កន្ទេញ​ មិនដល់​នូវ​សេចក្តី​វង្វេង​ថា​ ត្រចៀក​របស់​អញ​ ច្រមុះ​របស់​អញ​ អណ្តាត​របស់​អញ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637351072760306698
ទៅកាន់ទំព័រ៖