ព្រះត្រៃបិដក ភាគ ៦៥

រោគ​ក្អក​ ហឺត​ ឫសដូងច្រមុះ​ ក្តៅក្រហាយ​ ស្គាំងស្គម​ រោគ​ក្នុង​ផ្ទៃ វិលមុខ​ ធ្លាក់ឈាម​ ចុកសៀត​ ចុះផ្ទៃ​ ឃ្លង់​ ពក​ ស្រែង​ រីងរៃ​ ឆ្កួតជ្រូក​ ដំណួច​ពិស​ រមាស់​ កម​ រោគ​កើត​ក្នុង​ទី​ខ្វារ​ដោយ​ក្រចក​ ឃ្លង់ដែក​ ឈាម​ ប្រមាត់​ ប្រមេះ​ផ្អែម​ ឫសដូង​ដុះ​ បូស​ ឫសដូងបាត​ អាពាធ​តាំង​ឡើង​អំពី​ប្រមាត់​ អាពាធ​តាំង​ឡើង​អំពី​ស្លេស្ម​ អាពាធ​តាំង​ឡើង​អំពី​ខ្យល់​ អាពាធ​តាំង​ឡើង​អំពី​ធាតុ​ប្រជុំ​គ្នា​ អាពាធ​កើត​អំពី​រដូវ​ប្រែប្រួល​ អាពាធ​កើតអំពី​ការ​រក្សា​ឥរិយាបថ​មិន​ស្មើ​ អាពាធ​កើតអំពី​សេចក្តី​ព្យាយាម​របស់​គេ​ មាន​វាយ​ចង​ជាដើម​ អាពាធ​កើតអំពី​ផលកម្ម​ ត្រជាក់​ ក្តៅ​ ឃ្លាន​ ស្រេក​ ឧច្ចារៈ​ បស្សាវៈ​ សម្ផស្ស​នៃ​របោម​ មូស​ ខ្យល់​ កំ​ដៅ​ថ្ងៃ​ ពស់​តូច​ និង​ពស់​ធំ​ ពាល់ត្រូវ​ហើយ​ គ្រប​សង្កត់​ហើយ​ ប្រជុំ​ព្រម​ហើយ​ ប្រកប​ព្រម​ហើយ​ ក៏​មិន​សោក​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​គក់​ទ្រូង​កន្ទក់កន្ទេញ​ មិនដល់​នូវ​សេចក្តី​វង្វេង​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​សោក​ស្តាយ​ព្រោះ​វត្ថុ​ដែល​មិន​មាន​ យ៉ាងនេះ​ខ្លះ​។ មួយទៀត​ បុគ្គល​កាលបើ​វត្ថុ​មិន​មាន​ មិន​មាន​ព្រម​ ដែល​លោក​មិនបាន​ ក៏​មិន​សោក​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​គក់​ទ្រូង​កន្ទក់កន្ទេញ​ មិនដល់​នូវ​សេចក្តី​វង្វេង​ថា​ អើហ្ន៎​ វត្ថុ​នោះ​របស់​អញ​ អើហ្ន៎​ វត្ថុ​នោះ អញ​មិន​មាន​ ធ្វើ​ម្តេច​ហ្ន៎​ វត្ថុ​នោះ​ អញ​គប្បី​មាន​ អើហ្ន៎​ អញ​មិនបាន​វត្ថុ​នោះ​ ដូច្នេះ​ឡើយ
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637351073399139986
ទៅកាន់ទំព័រ៖