ព្រះត្រៃបិដក ភាគ ៦៥

កលហ​វិវាទ​សុត្ត​និទ្ទេស​ ទី១១​


[១២២​] (ព្រះពុទ្ធ​និមិ្មត​ត្រាស់​សួរ​ថា​) ជំលោះ​ វិវាទ​ សេចក្តី​ខ្សឹកខ្សួល​ សេចក្តី​សោក​ ព្រមទាំង​សេចក្តី​កំណាញ់​ មានះ​ និង​អតិមានះ​ ព្រម​ទាំង​ការ​ញុះញង់​ កើតអំពី​ណា​ កិលេស​ទាំងនោះ​ កើតអំពី​ណា​ សូម​ព្រះអង្គ​សំដែង​សេចក្តី​ដែល​ខ្ញុំ​សួរ​នោះ​។

 [១២៣​] អធិប្បាយ​ពាក្យ​ថា​ ជំលោះ​ វិវាទ​ កើតអំពី​ណា​ ត្រង់​ពាក្យ​ថា​ ជំលោះ​ សេចក្តី​ថា​ ជំលោះ​ក្តី​ វិវាទ​ក្តី​ ដូចគ្នា​ដោយ​អាការ​តែមួយ​ ជំលោះ​ណា​ ជំលោះ​នោះ​ ឈ្មោះ​ថា​ វិវាទ​ វិវាទ​ណា​ វិវាទ​នោះ​ ឈ្មោះថា ជំលោះ​។ ម្យ៉ាងទៀត​ ដោយ​អាការ​ផ្សេងគ្នា​ វិវាទ​ជា​បុព្វភាគ​នៃ​ជំលោះ​ លោក​ហៅថា​ វិវាទ​។ ​ពួក​ព្រះរាជា​ជជែក​នឹង​ពួក​ព្រះរាជា ពួក​ខត្តិយៈ​ជជែក​នឹង​ពួក​ខត្តិយៈ​ ​ពួក​ព្រាហ្មណ៍​ជជែក​នឹង​ពួក​ព្រាហ្មណ៍​ ​ពួក​គហបតី​ជជែក​នឹង​ពួក​គហបតី​ មាតា​ជជែក​នឹង​បុត្ត​ បុត្ត​ជជែក​នឹង​មាតា​ បិតា​ជជែក​នឹង​បុត្ត​ បុត្ត​ជជែក​នឹង​បិតា​ បងប្អូន​ប្រុស​ជជែក​នឹង​បងប្អូន​ប្រុស​ បងប្អូន​ស្រី​ជជែក​នឹង​បងប្អូន​ស្រី​ បងប្អូន​ប្រុស​ជជែក​នឹង​បងប្អូន​ស្រី​ បងប្អូន​ស្រី​ជជែក​នឹង​បងប្អូន​ប្រុស​ សំឡាញ់​ជជែក​នឹង​សំឡាញ់​ នេះ​ហៅថា​ វិវាទ។ ជំលោះ​ តើ​ដូចម្តេច​។
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637351074674306418
ទៅកាន់ទំព័រ៖