ព្រះត្រៃបិដក ភាគ ៦៥

ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ​ក្តី​ ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី​។ ពាក្យ​ថា​ សោក​ គឺ​សោក​ អាការ​សោក​ ភាព​នៃ​សោក​ ការ​ស្ងួត​ខាងក្នុង​ ការ​ក្រៀមក្រំ​ខាងក្នុង​ ការ​ក្តៅ​ខាងក្នុង​ ការ​ក្តួល​ក្តៅ​ខាងក្នុង​ អាការ​ដុតរោល​ចិត្ត​ ទោមនស្ស​ សរ​គឺ​សោក​ នៃ​បុគ្គល​ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី​ ត្រូវ​វិនាស​ភោគៈ​ប៉ះពាល់​ក្តី​ ត្រូវ​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​វិនាស​សីល​ប៉ះពាល់​ក្តី​ ត្រូវ​វិនាស​ទិដ្ឋិ​ប៉ះ​ពាល់​ក្តី​ ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ​ក្តី​ ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី​។ ពាក្យ​ថា​ សេចក្តី​កំណាញ់​ បាន​ដល់​សេចក្តី​កំណាញ់​ ៥ គឺ​ កំណាញ់​អាវាស​ ១ កំណាញ់​ត្រកូល​ ១ កំណាញ់​លាភ​ ១ កំណាញ់​វណ្ណៈ​ ១ កំណាញ់​ធម៌​ ១ សេចក្តី​កំណាញ់​ អាការ​នៃ​សេចក្តី​កំណាញ់​ ភាព​នៃ​សេចក្តី​កំណាញ់​ ការ​ប្រាថ្នា​ខុស​ ភាព​នៃ​ចិត្ត​ស្វិតស្វាញ​ ភាព​នៃ​ចិត្ត​រួញ​ ភាព​មិន​យកចិត្ត​នៃ​បុគ្គល​ដទៃ​ឯណា មាន​សភាព​យ៉ាងនេះ​ នេះ​ហៅថា​ ការ​កំណាញ់​។ មួយទៀត​ ការ​កំណាញ់​ខន្ធ​ ក៏​ហៅថា​ កំណាញ់​ ការ​កំណាញ់​ធាតុ ក៏​ហៅថា​កំណាញ់​ ការ​កំណាញ់​អាយតនៈ​ ក៏​ហៅថា​កំណាញ់​ សេចក្តី​ប្រកាន់​ នេះ​ហៅថា​ ការ​កំណាញ់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) សេចក្តី​ខ្សឹកខ្សួល​ សេចក្តី​សោក​ ព្រមទាំង​សេចក្តី​កំណាញ់​ទាំងឡាយ​។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637351075345956567
ទៅកាន់ទំព័រ៖