ព្រះត្រៃបិដក ភាគ ៦៥
ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីណា កិលេសទាំងនោះ កើតអំពីណា សូមព្រះអង្គសំដែងសេចក្តីដែលខ្ញុំសួរនោះ។
[១២៧] (ព្រះមានព្រះភាគត្រាស់ថា) ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីសភាវៈជាទីស្រឡាញ់ (មួយទៀត) ជំលោះ វិវាទ (ជាដើម) កើតក្នុងសេចក្តីកំណាញ់ កាលបើវិវាទកើតហើយ ជនទាំងឡាយ (ក៏បង្ក) នូវការញុះញង់។
[១២៨] អធិប្បាយពាក្យថា ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ កើតអំពីសភាវៈជាទីស្រឡាញ់ ត្រង់ពាក្យថា សភាវៈជាទីស្រឡាញ់ បានដល់ សភាវៈជាទីស្រឡាញ់ ២ គឺ ពួកសត្វ ឬពួកសង្ខារ។
ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ ក្នុងលោកនេះ ជនទាំងនោះ គឺមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី កូនប្រុសក្តី កូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់បុគ្គលនោះ នេះ ពួកសត្វជាទីស្រឡាញ់។
ID: 637351076898815852
ទៅកាន់ទំព័រ៖