ព្រះត្រៃបិដក ភាគ ៦៥

ពាក្យ​ថា​ ការ​ញុះញង់​ គឺ​ជន​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ជា​អ្នកមាន​សំដី​ញុះញង់​ គឺ​ឮអំពី​ពួក​ជន​ឯណេះ​ហើយ​ ប្រាប់​ពួក​ជន​ឯណោះ​ ដើម្បី​បំបែក​ពួក​ជន​នេះ​។បេ។ ជន​មាន​សេចក្តី​ប្រាថ្នា​ដើម្បី​បំបែក​ បង្ក​នូវ​ការ​ញុះញង់​យ៉ាងនេះ​ ហេតុ​នោះ​។បេ។ មានះ និង​អតិមានះ​ ព្រមទាំង​ការ​ញុះញង់​។
 [១៣០​] ពាក្យ​ថា​ ជំលោះ​ វិវាទ​ (ជាដើម​) កើត​ក្នុង​សេចក្តី​កំណាញ់​ សេចក្តី​ថា​ កិលេស​ទាំង​ ៧ នេះ​គឺ​ ជំលោះ​ ១ វិវាទ​ ១ ការ​ខ្សឹកខ្សួល​ ១ សេចក្តី​សោក​ ១ មានះ​ ១ អតិមានះ​ ១ ការ​ញុះញង់​ ១ ប្រកប​ ប្រកប​សព្វគ្រប់​ ប្រកប​ទួទៅ​ ប្រកប​ទួទៅ​ព្រម​ ក្នុង​សេចក្តី​កំណាញ់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជំលោះ​ វិវាទ​ (ជាដើម​) កើត​ក្នុង​សេចក្តី​កំណាញ់​។
 [១៣១​] ពាក្យ​ថា​ កាលបើ​វិវាទ​កើត​ហើយ​ ជន​ទាំងឡាយ​ (ក៏​បង្ក​) នូវ​ការ​ញុះញង់​ អធិប្បាយ​ថា​ កាល​វិវាទ​កើត​ហើយ​ កើត​ព្រម​ហើយ​ លេចឡើង​ហើយ​ លេចឡើង​ចំពោះ​ហើយ​ កើត​ប្រាកដហើយ​ ជន​ទាំងឡាយ​ បង្ក​នូវ​ការ​ញុះញង់​ គឺ​ឮអំពី​ពួក​ជន​ឯណេះ​ហើយ​ ប្រាប់​ពួក​ជន​ឯណោះ​ ដើម្បី​បំបែក​ពួក​ជន​នេះ​ ឬឮ​អំពី​ពួក​ជនឯ​ណោះ​ ហើយ​ប្រាប់​ពួក​ជន​នេះ​ ដើម្បី​បំបែក​ពួក​ជន​ឯណោះ​ ជា​អ្នក​បំបែក​ពួក​ជន​ដែល​ព្រមព្រៀង​គ្នា​ផង​ ជា​អ្នក​បន្ថែម​កំឡាំង​ដល់​ពួក​ជន​ដែល​បែកគ្នា​ហើយ​ផង​ ជា​អ្នកមាន​ពួក​ជាទី​ត្រេកអរ​ ត្រេកអរ​ក្នុង​ពួក​ រីករាយ​ក្នុង​ពួក​ ពោល​វាចា​ដែល​ធ្វើឲ្យ​ជា​ពួក​ នេះ​ហៅថា​ ការ​ញុះញង់​។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637351078180857687
ទៅកាន់ទំព័រ៖