ព្រះត្រៃបិដក ភាគ ៦៥
អើ ចុះសត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក (របស់ពួកជន) ដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ មានអ្វីជានិទាន ទាំងបំណង និងសេចក្តីសម្រេច ដែលជាទីពឹងរបស់នរជន មានអ្វីជានិទាន។
[១៣៧] (ព្រះមានព្រះភាគ ត្រាស់ថា) សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក (របស់ពួកជន) ដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ មានឆន្ទៈជានិទាន ទាំងបំណង និងសេចក្តីសម្រេច ដែលជាទីពឹងរបស់នរជន ក៏មានឆន្ទៈនេះ ជានិទានដែរ។
[១៣៨] អធិប្បាយពាក្យថា សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក មានឆន្ទៈជានិទាន ត្រង់ពាក្យថា ឆន្ទៈ បានដល់ កាមច្ឆន្ទៈក្នុងកាមទាំងឡាយ សេចក្តីត្រេកអរក្នុងកាម ការរីករាយក្នុងកាម បំណងក្នុងកាម ការស្រឡាញ់ក្នុងកាម សេចក្តីក្រហល់ក្រហាយព្រោះកាម ការងុលងប់ក្នុងកាម ការជ្រុលជ្រប់ក្នុងកាម អន្លង់គឺកាម ការប្រកបក្នុងកាម សេចក្តីប្រកាន់ក្នុងកាម ការរាំងព្រោះកាមច្ឆន្ទៈ។ មួយទៀត ឆន្ទៈមាន ៥ គឺ បរិយេសនច្ឆន្ទៈ ១ បដិលាភច្ឆន្ទៈ ១ បរិភោគច្ឆន្ទៈ ១ សន្និធិច្ឆន្ទៈ ១ វិសជ្ជនច្ឆន្ទៈ ១។
ID: 637351080167210650
ទៅកាន់ទំព័រ៖