ព្រះត្រៃបិដក ភាគ ៦៥
ដោយហេតុណា សប្បុរសមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត ដោយហេតុមានប្រមាណបុណ្ណោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) លះ មិនប្រកាន់ដោយប្រការយ៉ាងនេះ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ សប្បុរសលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន មានការមិនកើតតទៅជាធម្មតា ដោយហេតុណា សប្បុរសមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) លះ មិនប្រកាន់ធម៌ទាំងនុ៎ះ ដោយប្រការយ៉ាងនេះឯង។
[១៩] អធិប្បាយពាក្យថា ជាអ្នកស្ងប់ មិនអាស្រ័យហើយ មិនគប្បីប្រាថ្នាភព ត្រង់ពាក្យថា ជាអ្នកស្ងប់ សេចក្តីថា ជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ ព្រោះស្ងប់ទោសៈ ជាអ្នកស្ងប់ ព្រោះស្ងប់មោហៈ ជាអ្នកស្ងប់រម្ងាប់ រំលត់ ស្ងប់ រម្ងាប់ ព្រោះស្ងប់ រម្ងាប់ ចូលជិតរម្ងាប់ ផុត រំលត់ ឲ្យទៅប្រាស់ ស្ងប់ រម្ងាប់ នូវកោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់។
ID: 637350220671580292
ទៅកាន់ទំព័រ៖