ព្រះត្រៃបិដក ភាគ ៦៥

[១៤២​] (ព្រះពុទ្ធ​និមិ្មត​សួរ​ថា​) ចុះ​ឆន្ទៈ​ក្នុង​លោក​ មាន​អ្វី​ជា​និទាន​ ទាំង​វិនិច្ឆ័យ​ទាំងឡាយ​ និង​ធម៌​ទាំងឡាយ​ណា​ ដែល​សមណៈ​ពោល​ហើយ​ ធម៌​ទាំងនោះ​ គឺ​សេចក្តី​ក្រោធ​ ១ ការ​ពោល​ពាក្យ​កុហក​ ១ សេចក្តី​សង្ស័យ​ ១ កើតអំពី​ណា​។

 [១៤៣​] ពាក្យ​ថា​ ចុះ​ឆន្ទៈ​ក្នុង​លោក​ មាន​អ្វី​ជា​និទាន​ គឺ​ ព្រះពុទ្ធ​និមិ្មត​សួរ​នូវ​មូល​។បេ។ សួរ​ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ចោទ​នូវ​សមុទ័យ​នៃ​ឆន្ទៈ​ថា​ ឆន្ទៈ​កើតអំពី​ណា​ កអំពី​ណា​ កើត​ព្រម​អំពី​ណា ដុះ​អំពី​ណា​ ដុះដាល​អំពី​ណា កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជា​និទាន មាន​អ្វី​ជាស​មុ​ទ័យ​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ចុះ​ឆន្ទៈ​ក្នុង​លោក​ មាន​អ្វី​ជា​និទាន​។
 [១៤៤​] ពាក្យ​ថា​ ទាំង​វិនិច្ឆ័យ​ទាំងឡាយ​ កើតអំពី​ណា​ គឺ​ព្រះពុទ្ធ​និមិ្មត​ សួរ​នូវ​មូល​។បេ។ សួរ​ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ចោទ​នូវ​សមុទ័យ​នៃ​វិនិច្ឆ័យ​ទាំងឡាយ​ថា​ វិនិច្ឆ័យ​ទាំង​ឡាយ​ កើតអំពី​ណា​ កអំពី​ណា​ កើត​ព្រម​អំពី​ណា​ ដុះ​អំពី​ណា​ ដុះដាល​អំពី​ណា​ កើត​ប្រាកដ​អំពី​ណា​ មាន​អ្វី​ជា​និទាន​ មាន​អ្វី​ជាស​មុ​ទ័យ​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ទាំង​វិនិច្ឆ័យ​ទាំងឡាយ​ កើតអំពី​ណា​។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637351082890534692
ទៅកាន់ទំព័រ៖