ព្រះត្រៃបិដក ភាគ ៦៥
[១៤៥] អធិប្បាយពាក្យថា សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ ត្រង់ពាក្យថា សេចក្តីក្រោធ បានដល់ការគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ ការខឹង ការខឹងខ្លាំង ការខឹងក្រៃលែង ការប្រទូស្ត ការប្រទូស្តខ្លាំង ការប្រទូស្តក្រៃលែង ព្យាបាទនៃចិត្ត ការប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ ការខឹង ការខឹងតប ការកាច ការសម្រក់ទឹកភ្នែក សេចក្តីមិនត្រេកអរនៃចិត្ត។ មុសាវាទ លោកហៅថា ការពោលពាក្យកុហក។ វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១។
[១៤៦] អធិប្បាយពាក្យថា ធម៌ទាំងឡាយណា ដែលសមណៈពោលហើយ ត្រង់ពាក្យថា ធម៌ទាំងឡាយណា គឺធម៌ទាំងឡាយណា ជាធម៌ប្រព្រឹត្តទៅជាមួយគ្នា កើតព្រមគ្នា ច្រឡំគ្នា ប្រកបព្រមគ្នា មានការកើតឡើងតែមួយ មានការរលត់តែមួយ មានវត្ថុតែមួយ មានអារម្មណ៍តែមួយ ជាមួយនឹងសេចក្តីក្រោធផង ការពោលពាក្យកុហកផង សេចក្តីសង្ស័យផង ទាំងនេះ លោកពោលថា ធម៌ទាំងឡាយណា។ ម្យ៉ាងទៀត ពាក្យថា ធម៌ទាំងឡាយណា គឺកិលេសទាំងឡាយ មានសភាវៈដទៃ តាំងនៅដោយអាការៈដទៃ ទាំងនេះលោកពោលថា ធម៌ទាំងឡាយណា។
ID: 637351083401382587
ទៅកាន់ទំព័រ៖