ព្រះត្រៃបិដក ភាគ ៦៥

វត្ថុជា​ទី​ប្រាថ្នា​ផង​។ ពាក្យ​ថា​ មិន​ឆ្ងាញ់​ បាន​ដល់​ ទុក្ខវេទនា​ផង​ វត្ថុ​មិនជា​ទី​ប្រាថ្នា​ផង​។ ពាក្យ​ថា​ ពោល​នូវ​ធម្មជាត​ណា​ ក្នុង​លោក​ គឺ​ពោល​នូវ​ធម្មជាត​ណា​ សំដែង​នូវ​ធម្មជាត​ណា​ ពណ៌នា​នូវ​ធម្មជាត​ណា បំភ្លឺ​នូវ​ធម្មជាត​ណា​ ថ្លែង​នូវ​ធម្មជាត​ណា​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងឡាយ​ ពោល​នូវ​ធម្មជាត​ណា​ថា​ ឆ្ងាញ់​ និង​មិន​ឆ្ងាញ់​ក្នុង​លោក​។
 [១៤៩​] ឆន្ទៈ​កើតឡើង​ អាស្រ័យ​ធម្មជាត​នោះ​ គឺ​ឆន្ទៈ​ កើតមាន​ កើត​ប្រាកដ​ កើតឡើង​ កើតឡើង​ព្រម​ លេចឡើង​ លេចឡើង​ចំពោះ​ អាស្រ័យ​វត្ថុ​ឆ្ងាញ់ និង​មិន​ឆ្ងាញ់​ អាស្រ័យ​សុខ​ និង​ទុក្ខ​ អាស្រ័យ​សោមនស្ស​ និង​ទោមនស្ស​ អាស្រ័យ​វត្ថុជា​ទី​ប្រាថ្នា​ និង​មិនជា​ទី​ប្រាថ្នា​ អាស្រ័យ​សេចក្តី​ត្រេកអរ​ និង​សេចក្តី​ថ្នាំងថ្នាក់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ឆន្ទៈ​កើតឡើង​ អាស្រ័យ​នូវ​ធម្មជាត​នោះ​។
 [១៥០​] អធិប្បាយ​ពាក្យ​ថា​ ឃើញ​សេចក្តី​វិនាស​ និង​សេចក្តី​ចំរើន​ក្នុង​រូប​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ ក្នុង​រូប​ទាំងឡាយ​ បាន​ដល់​មហាភូតរូប​ ៤ និង​រូប​ដែល​អាស្រ័យ​មហាភូតរូប​ ៤។
 សេចក្តី​ចំរើន​ឡើង​នៃ​រូប​ទាំងឡាយ​ តើ​ដូចម្តេច​។ សេចក្តី​ចំរើន​ ការ​កើត​ ការ​កើត​ព្រម​ ការ​លេចឡើង​ ការ​លេចឡើង​ចំពោះ​ ការ​កើត​ប្រាកដ​នៃ​រូប​ទាំងឡាយ​ឯណា​ នេះ​ សេចក្តី​ចំរើន​នៃ​រូប​ទាំងឡាយ​។
 សេចក្តី​វិនាស​នៃ​រូប​ទាំងឡាយ​ តើ​ដូចម្តេច​។ ការ​អស់​ ការ​សូន្យ​ ការ​បែកធ្លាយ​ ការ​ធ្លុះធ្លាយ​ ការ​មិន​ទៀងទាត់​ ការ​អន្តរធាន​នៃ​រូប​ទាំងឡាយ​ឯណា​ នេះ​ សេចក្តី​វិនាស​នៃ​រូប​ទាំងឡាយ​។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637351084449957411
ទៅកាន់ទំព័រ៖