ព្រះត្រៃបិដក ភាគ ៦៥
[១៥៤] ពាក្យថា កាលបើធម៌ទាំងពីរមាន ធម៌ទាំងឡាយនុ៎ះ សេចក្តីថា កាលបើវត្ថុជាទីត្រេកអរ និងមិនជាទីត្រេកអរមាន កាលបើសុខ និងទុក្ខមាន កាលបើសោមនស្ស និងទោមនស្សមាន កាលបើវត្ថុជាទីប្រាថ្នា និងមិនជាទីប្រាថ្នាមាន កាលបើតម្រេក និងសេចក្តីចង្អៀតចង្អល់មាន មានគ្របគ្រាន់ បុគ្គលបាន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើធម៌ទាំងពីរមាន ធម៌ទាំងឡាយនុ៎ះ។
[១៥៥] ពាក្យថា ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ អធិប្បាយថា ញាណ ឈ្មោះថា គន្លងញាណ អារម្មណ៍របស់ញាណ ក៏ឈ្មោះថា គន្លងញាណ ពួកធម៌កើតជាមួយនឹងញាណ ក៏ឈ្មោះថា គន្លងញាណ។ ផ្លូវដ៏ប្រសើរ ឈ្មោះថា គន្លងដ៏ប្រសើរ ផ្លូវដ៏ត្រកាល ឈ្មោះថា គន្លងដ៏ត្រកាល ផ្លូវដ៏ខ្ពង់ខ្ពស់ ឈ្មោះថា គន្លងដ៏ខ្ពង់ខ្ពស់ យ៉ាងណាមិញ ញាណ ក៏ឈ្មោះថា គន្លងញាណ អារម្មណ៍របស់ញាណ ក៏ឈ្មោះថា គន្លងញាណ ពួកធម៌កើតជាមួយនឹងញាណ ក៏ឈ្មោះថា គន្លងញាណ យ៉ាងនោះដែរ។ ពាក្យថា គប្បីសិក្សា បានដល់ សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។
ID: 637351087678659520
ទៅកាន់ទំព័រ៖