ព្រះត្រៃបិដក ភាគ ៦៥
អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសទាំងឡាយបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការប្រព្រឹត្តិ ការប្រយ័ត្ន ការសង្រួម ប្រធាន ប្រមុខនៃការចួបប្រសព្វនូវកុសលធម៌ទាំងឡាយ នេះ អធិសីលសិក្ខា។
អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះ អធិចិត្តសិក្ខា។
អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាដែលទៅក្នុងការកើតឡើង និងវិនាស ជាបញ្ញាដ៏ប្រសើរ អាចទំលុះទំលាយ (នូវកិលេស) ជាគ្រឿងដល់នូវការអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះ ទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់តាមពិតថា នេះ អាសវៈទាំងឡាយ។បេ។ ដឹងច្បាស់តាមពិតថា នេះអាសវនិរោធគាមិនីបដិបទា នេះ អធិប្បញ្ញាសិក្ខា។
ID: 637351088098558082
ទៅកាន់ទំព័រ៖