ព្រះត្រៃបិដក ភាគ ៦៥

 ពាក្យ​ថា​ ជន​អ្នកមាន​សេចក្តី​សង្ស័យ​ គប្បី​សិក្សា​តាម​គន្លង​ញាណ​ សេចក្តី​ថា​ បុគ្គល​អ្នក​សង្ស័យ​ មាន​សេចក្តី​ងឿងឆ្ងល់​ មានស្នាម​គំនូស​ (ក្នុងចិត្ត​) មានផ្លូវ​បែក​ជា​ពីរ​ មាន​វិចិកិច្ឆា​ គប្បី​សិក្សា​អធិសីល​ផង​ គប្បី​សិក្សា​អធិចិត្ត​ផង​ គប្បី​សិក្សា​អធិប្បញ្ញា​ផង​ ដើម្បី​បាន​ញាណ​ ដើម្បី​ពាល់ត្រូវ​ញាណ​ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ញាណ​។ គប្បី​រំពឹង​សិក្សា​សិក្ខា​ទាំង​ ៣ នេះ​ គប្បី​ដឹង​សិក្សា​ គប្បី​ឃើញ​សិក្សា​ គប្បី​ពិចារណា​សិក្សា​ គប្បី​តាំងចិត្ត​សិក្សា​ គប្បី​ចុះចិត្តស៊ប់​ក្នុង​សទ្ធា​សិក្សា​ គប្បី​ផ្គង​វីរិយៈ​សិក្សា​ គប្បី​តម្កល់​សតិ​សិក្សា​ គប្បី​តាំងចិត្ត​សិក្សា​ គប្បី​ដឹង​ច្បាស់​ដោយ​ប្រាជ្ញា​សិក្សា​ គប្បី​ដឹង​ធម៌​ដែល​គួរ​ដឹង​សិក្សា​ គប្បី​កំណត់​ធម៌​ដែល​គួរ​កំណត់​សិក្សា​ គប្បី​លះបង់​ធម៌​ដែល​គួរ​លះបង់​សិក្សា​ គប្បី​ចំរើន​ធម៌​ដែល​គួរ​ចំរើន​សិក្សា​ គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​សិក្សា​ ប្រព្រឹត្ត​ទួ​ទៅ​ ប្រព្រឹត្ត​ដោយ​ល្អ​ ប្រព្រឹត្ត​ជឿ​កាន់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​អ្នកមាន​សេចក្តី​សង្ស័យ​ គប្បី​សិក្សា​តាម​គន្លង​ញាណ​។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637351088396721978
ទៅកាន់ទំព័រ៖