ព្រះត្រៃបិដក ភាគ ៦៥
នេះឈ្មោះថា សេចក្តីចំរើននៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ។ សេចក្តីវិនាសនៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ តើដូចម្តេច។ ការអស់ ការសូន្យ ការបែកធ្លាយ ការខ្ទេចខ្ទី ការមិនទៀង ការបាត់បង់ទៅ នៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរឯណា នេះឈ្មោះថា សេចក្តីវិនាសនៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ។ ពាក្យថា សេចក្តីណា គឺសេចក្តីដទៃណា ហេតុនោះ (ទ្រង់ត្រាស់សួរថា) សេចក្តីណា គឺការវិនាស និងការចំរើន។
[១៦១] ពាក្យថា សូមព្រះអង្គសំដែងប្រាប់ខ្ញុំ នូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ ត្រង់ពាក្យថា នុ៎ះ គឺខ្ញុំសួររកសេចក្តីណា ខ្ញុំសូមសេចក្តីណា ខ្ញុំអារាធនាសេចក្តីណា ខ្ញុំជ្រះថ្លាសេចក្តីណា។ ពាក្យថា សូមសំដែង គឺសូមពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់សួរថា) សូមព្រះអង្គសំដែងប្រាប់ខ្ញុំ នូវសេចក្តីនុ៎ះ។ ពាក្យថា មានវត្ថុណាជាហេតុ គឺ មានវត្ថុណាជាហេតុ មានវត្ថុណាជាដែនកើត មានវត្ថុណា ជាកំណើត មានវត្ថុណា ជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) សូមព្រះអង្គសំដែងប្រាប់ខ្ញុំនូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ។ ហេតុនោះ ពុទ្ធនិមិ្មតនោះ សួរថា
ID: 637351090244775603
ទៅកាន់ទំព័រ៖