ព្រះត្រៃបិដក ភាគ ៦៥
សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជាហេតុ កាលបើអ្វីមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន សេចក្តីណា គឺការវិនាស និងការចំរើន សូមព្រះអង្គសំដែងប្រាប់ខ្ញុំនូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ។
[១៦២] (ព្រះមានព្រះភាគ ត្រាស់ថា) សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ កាលបើផស្សៈមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន សេចក្តីណា គឺការវិនាស និងការចំរើន តថាគតសំដែងទូលព្រះអង្គនូវសេចក្តីនុ៎ះ ថាមានវត្ថុនេះជាហេតុ។
[១៦៣] ពាក្យថា សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ អធិប្បាយថា សុខវេទនាកើត អាស្រ័យផស្សៈជាទីតាំងនៃសុខវេទនា។ ព្រោះរលត់ផស្សៈជាទីតាំងនៃសុខវេទនានោះឯង សុខវេទនាដែលកើតរួចហើយ ព្រោះអាស្រ័យផស្សៈជាទីតាំងនៃសុខវេទនា កើតអំពីផស្សៈនោះ ដែលសោយរួចហើយ នោះរលត់ស្ងប់រម្ងាប់។ ទុក្ខវេទនាកើតឡើង ព្រោះអាស្រ័យផស្សៈ ជាទីតាំងនៃទុក្ខវេទនា។ ព្រោះរលត់ផស្សៈជាទីតាំងនៃទុក្ខវេទនានោះឯង ទុក្ខវេទនាដែលកើតរួចហើយ ព្រោះអាស្រ័យផស្សៈជាទីតាំងនៃទុក្ខវេទនា កើតអំពីផស្សៈមុននោះ ដែលសោយរួចហើយ នោះរលត់ស្ងប់រម្ងាប់។
ID: 637351090683739079
ទៅកាន់ទំព័រ៖