ព្រះត្រៃបិដក ភាគ ៦៥

 [១៦៩​] ពាក្យ​ថា​ ទាំង​សេចក្តី​ហួងហែង​ កើតអំពី​អ្វី​ គឺ​ព្រះពុទ្ធ​និមិ្មត​សួររក​ឫសគល់​នៃ​សេចក្តី​ហួងហែង​។បេ។ សួរ​ សួរឈ្លេច​ឈ្លី​ អង្វរ​ អារាធនា​ ជ្រះថ្លា​ នូវ​ហេតុ​ដែល​នាំឲ្យ​កើត​សេចក្តី​ហួងហែង​ថា​ សេចក្តី​ហួងហែង​កើតអំពី​អ្វី​ កើតអំពី​ណា​ កើត​ព្រម​អំពីអ្វី​ ផ្តួចផ្តើម​អំពីអ្វី​ កើត​ចំពោះ​អំពីអ្វី​ កើត​ប្រាកដ​អំពីអ្វី​ មាន​អ្វី​ជាហេតុ​ មាន​អ្វី​នាំឲ្យកើត​ មាន​អ្វី​ជា​កំណើត​ មាន​អ្វី​ជា​ដែន​កើតមុន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) ទាំង​សេចក្តី​ហួងហែង​ កើតអំពី​អ្វី​។
 [១៧០​] ពាក្យ​ថា​ កាលបើ​អ្វី​មិន​មាន​ ទើប​សេចក្តី​ប្រកាន់​ថា​របស់​អញ​ក៏​មិន​មាន​ គឺ​កាល​បើ​អ្វី​មិន​មាន​ មិន​មាន​សព្វគ្រប់​ ដែល​បុគ្គល​មិនបាន​ ទើប​សេចក្តី​ប្រកាន់​ថា​របស់​អញ​ មិន​មាន​ ឥតមាន​ លែង​មាន​ ដែល​បុគ្គល​មិនបាន​ គឺ​លោក​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) កាលបើ​អ្វី​មិន​មាន​ ទើប​សេចក្តី​ប្រកាន់​ថា​របស់​អញ​ក៏​មិន​មាន​។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637351092235816604
ទៅកាន់ទំព័រ៖