ព្រះត្រៃបិដក ភាគ ៦៥

អកុសលមូល​។ ពាក្យ​ថា​ សេចក្តី​ប្រកាន់​ថា​របស់​អញ​ បាន​ដល់ សេចក្តី​ប្រកាន់​ ២ គឺ​ សេចក្តី​ប្រកាន់​គឺ​តណ្ហា​ ១ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​ ១។បេ។ នេះ​ សេចក្តី​ប្រកាន់​គឺ​តណ្ហា​។បេ។ នេះ​ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ​។ ពាក្យ​ថា​ កាលបើ​សេចក្តី​ប្រាថ្នា​មិន​មាន​ សេចក្តី​ប្រកាន់​ថា​របស់​អញ​ ក៏​មិន​មាន​ សេចក្តី​ថា​ កាលបើ​សេចក្តី​ប្រាថ្នា​ មិន​មាន​ មិន​មាន​សព្វគ្រប់​ បុគ្គល​មិនបាន​ សេចក្តី​ប្រកាន់​ថា​របស់​អញ​ ក៏​មិន​មាន​ ឥតមាន​ លែង​មាន បុគ្គល​មិនបាន​ គឺ​លោក​បាន​លះ​បង់​ ផ្តាច់ផ្តិល​ ធ្វើឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាលបើ​សេចក្តី​ប្រាថ្នា​មិន​មាន​ សេចក្តី​ប្រកាន់​ថា​របស់​អញ​ ក៏​មិន​មាន​។
 [១៧៦​] អធិប្បាយ​ពាក្យ​ថា​ កាលបើ​រូប​ប្រាស​ចេញ​ ផស្សៈ​ទាំងឡាយ​ក៏​មិន​ពាល់ត្រូវ​ ត្រង់​ពាក្យ​ថា​ រូប​ គឺ​ មហាភូតរូប​ ៤ និង​ឧបា​ទាយ​រូប​របស់​មហាភូតរូប​ទាំង​ ៤។ ត្រង់​ពាក្យ​ថា​ កាលបើ​រូប​ប្រាស​ចេញ​ គឺ​ រូប​ប្រាស​ចេញ​ដោយហេតុ​ ៤ គឺ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការ​ដឹង​ ១ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការពិចារណា​ ១ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការ​លះ​ ១ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការប្រព្រឹត្តិ​កន្លង​ ១។
 រូប​ប្រាស​ចេញ​ ដោយ​ការ​ប្រាស​ចេញ​ព្រោះ​ការ​ដឹង​ តើ​ដូចម្តេច​។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637351094239828143
ទៅកាន់ទំព័រ៖