ព្រះត្រៃបិដក ភាគ ៦៥

ជិវ្ហាសម្ផស្ស​ កាយសម្ផស្ស​ ក៏​មិន​ពាល់ត្រូវ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) កាលបើ​រូប​ប្រាស​ចេញ​ ផស្សៈ​ទាំងឡាយ​ក៏​មិន​ពាល់ត្រូវ​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
ផស្សៈ​ (កើត​) ព្រោះ​អាស្រ័យ​នាម​ និង​រូប​ សេចក្តី​ហួងហែង​ មាន​សេចក្តី​ប្រាថ្នា​ជាហេតុ​ កាលបើ​សេចក្តី​ប្រាថ្នា​មិន​មាន​ សេចក្តី​ប្រកាន់​ថា​របស់​អញ​ ក៏​មិន​មាន​ កាលបើ​រូប​ប្រាស​ចេញ​ ផស្សៈ​ទាំងឡាយ​ ក៏​មិន​ពាល់ត្រូវ​។
[១៧៧​] (ព្រះពុទ្ធ​និមិ្មត​ សួរ​ថា​) បុគ្គល​អ្នក​ព្រមព្រៀង ដូចម្តេច​ រូប​ទើប​បាត់បង់​ទៅ​ ទាំង​សុខ​ និង​ទុក្ខ​ បាត់បង់​ទៅ​ ដោយ​ប្រការ​ដូចម្តេច​ សូម​ព្រះអង្គ​ពោល​ដំណើរ​នុ៎ះ​ដល់​ខ្ញុំ​ ឲ្យ​ខ្ញុំ​យល់​ច្បាស់​ថា​ (សុខ​ និង​ទុក្ខ​) បាត់បង់​ទៅ​ដោយ​ប្រការ​យ៉ាងណា​ ព្រោះថា​ ខ្ញុំ​មានចិត្ត​ដូច្នេះ​។

 [១៧៨​] ពាក្យ​ថា​ បុគ្គល​អ្នក​ព្រមព្រៀង​ដូចម្តេច​ រូប​ទើប​បាត់បង់​ទៅ គឺ​បុគ្គល​អ្នក​ព្រមព្រៀង​ដូចម្តេច ប្រតិបត្តិ​ដូចម្តេច​ សម្រេច​ដូចម្តេច​ ប្រព្រឹត្តទៅ​ដូចម្តេច​ រក្សា​ដូចម្តេច​ រស់នៅ​ដូចម្តេច​ ញុំាង​អត្តភាព​ឲ្យ​រស់នៅ​ដូចម្តេច​ រូប​ទើប​បាត់បង់​ វិនាស​កន្លង​ ឈាន​កន្លង​ ប្រព្រឹត្ត​កន្លងទៅ​បាន​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​សួរ​ថា​) បុគ្គល​អ្នក​ព្រមព្រៀង​ដូចម្តេច​ រូប​ទើប​បាត់បង់​ទៅ​។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637351095545936083
ទៅកាន់ទំព័រ៖